ពពួកសត្វកម្រជាច្រើនប្រភេទកំពុងមានវត្តមានក្នុងដែនជម្រកខេត្តរតនគិរី

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ០៥ ២០២០៖

 ក្រសួងបរិស្ថាន អះអាងថា ពពួកសត្វកម្រជាច្រើនប្រភេទកំពុងមានវត្តមានក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ដែលនេះជាក្តីសង្ឃឹមមួយក្នុងការឈានទៅបង្កើនកិច្ចគាំពារ និងអភិរក្ស។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ពពួកសត្វកម្រដែលត្រូវបានថតដោយម៉ាស៊ីនស្វ័យប្រវត្តិបង្កប់ក្នុងព្រៃនោះមានដូចជា៖ ខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ មាន់ទោពណ៌ប្រាក់ និងសត្វកេងកង ជាដើម។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈគ្រុបតេឡេក្រាមកាលពីល្ងាចថ្ងៃអាទិត្យ ឯកឧត្តម បានបញ្ជាក់ថា វត្តមានសត្វព្រៃទាំងអស់នេះ គឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួនជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា។
អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ ហៅកាត់ IUCN បានចាត់ចំណាត់ថ្នាក់ខ្លាពពក ខ្លាឃ្មុំ សត្វកែះ ខ្ទីង ខ្លាភ្ញីថ្មកែវ និងសត្វស្លាបកេងកង ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ និងអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខណៈសត្វឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ មិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចពពួកសត្វខាងលើនៅឡើយ។
យោងតាមរបាយការណ៍ជាតិស្តីពីជីវៈចម្រុះនៅកម្ពុជារបស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅកម្ពុជាមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ២.៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ ប្រភេទ និងថលជលិក៦៣ប្រភេទ ខណៈនៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។
ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា ថនិកសត្វចំនួន៣៩ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ និងសត្វស្លាបចំនួន៣៦ប្រភេទមាន៖ ត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅ ជាដើម ព្រមទាំងឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ៣៨ប្រភេទ និងថលជលិក១២ប្រភេទ ត្រូវបានអង្គការ IUCN ចាត់ជាប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះ។
ឯកឧត្តម មានប្រសាសន៍ថា ប្រភេទសត្វព្រៃកំពុងទទួលរងការគំរាមកំហែង ដោយការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រកបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃដើម្បីយកជាកម្មសិទ្ធិជាដើម ដែលនេះទាមទារនូវការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់៕