ក្រសួងសុខាភិបាលអៈអាងថាគ្មានករណីឆ្លងកូវីដ១៩ចេញពីកម្ពុជាឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​

លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា
មកទល់ពេលនេះ​ កម្ពុជាមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីថាឆ្លងជម្ងឺកូវីដ១៩ចេញពីកម្ពុជាដូចដែលបានលេីកឡេីងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។
លោកជំទាវ រដ្ឋលេខាធិការបានអោយដឹងទៀតថា តាមការចុះផ្សាយនោះទៀត​ គឺយើងក៏មិនអាចដឹងបានដែរថា​ តើការដែលចម្លងនេះ​ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ​? ដោយសារការចម្លងវីរុសនេះ​ វាអាចកើតមានឡេីងគ្រប់ទីកន្លែង​ គ្រប់កាលៈទេសៈ​ និងគ្រប់ពេលវេលា​ទាំងអស់​ ជាពិសេសទៅទៀតនោះ​ គឺនៅពេលដែលបុគ្គលធ្វេីដំណេីរចល័ត​តែម្តង។ គ្រប់ព័ត៌មាន​ដែលទទួលបាន ក្រសួងសុខាភិបាលតែងតែធ្វេីការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង​ ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ​ ខ្ញុំសូមជម្រាបជូនថា​ យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យេីងនេះ។
លោកជំទាវបានបញ្ជាក់ថា ផ្អែកលើព័ត៌មានថាមាករណីឆ្លងជម្ងឺកូវីដ១៩ចេញពីកម្ពុជានោះ គឺជាករណីមិនមានភាពជាក់លាក់​ ហើយក៏មិនអាចនឹងវាយតម្លៃថា​ការចម្លងនេះ​ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ​ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម​ បេីគិតទៅហួសពី១៤ថ្ងៃទៅហេីយមកទល់ពេលដែលចុះផ្សាយថារកឃេីញវិជ្ជមាននោះ​។ ក្រសួងសុខាភិបាល​នៅតែប្រកាន់ជំហរសហប្រតិបត្តិការ​ល្អ​ មានតម្លាភាព​ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត​ ហើយប្រសិនបើយើងមានព័ត៌មាន​ ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ​ ក្រសួងសុខាភិបាល​ នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡេីយ។ សូមបញ្ជាក់ជូនសារជាថ្មីថា​ មកទល់ថ្ងៃនេះ​ ក្រសួងសុខាភិបាលកម្ពុជា​ មិនទាន់រកឃេីញមានករណីចម្លងវីរុសកូវីដ-១៩​ ថ្មី​ នោះទេ​។ អាស្រ័យហេតុនេះ​ សូមសាធារណជនទាំងអស់​ មេត្តាជ្រាបជាព័ត៌មាន​ ហេីយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ​ ប្រសិនបេីមានព័ត៌មាន​ ឫមានបញ្ហាសុខភាព​ សូមទាក់ទងទៅលេខ​ ១១៥​ ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។