សម្តេចតេជោអបអរសាទរកម្ពុជាព្យាបាលជាសះស្បើយអ្នកជម្ងឺកូវីដ១៩ទាំង១២២នាក់ ប៉ុន្តែនៅតែក្រើនរំលឹកអោយជនរួមជាតិបន្តថែរក្សាសុខភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារនៅលើហ្វេសប៊ុករបស់សម្តេចថាសូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ ។
សម្តេចតេជោបញ្ជាក់ថា
ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ ប៉ុន្តែ

សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។

នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។

សូមអរគុណដែលបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា។