ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្ដដល់កងកម្លាំងនគរបាលជាតិបន្ដពង្រឹងខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុង

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា

ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្ដដល់កងកម្លាំងនគរបាលជាតិបន្ដពង្រឹងខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុង ដើម្បីធានាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរដ្ឋ និងសង្គមជាតិឲ្យមានភាពរុងរឿង និងអភិវឌ្ឍន៍ជាបន្ដបន្ទាប់ជានិច្ច។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសាលិខិតអបអរសាទរខួបទី៧៥ឆ្នាំនៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយបានលើកឡើងថា ដើម្បីទប់ទល់និងវិបត្តិជាសកល និងសម្ពោធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនាឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ តម្រូវឱ្យកម្ពុជាត្រូវតែពង្រឹងឱ្យបានខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុងទប់ស្កាត់មិនឱ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ការពារឱ្យបាននូវសន្តិភាពឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងបន្តទប់ស្កាត់ និងបញ្ចៀសឱ្យបានអំពើភេរវកម្ម។ 

ជាមួយគ្នានេះសម្តេចតេជោបានណែនាំឲ្យនគរបាលជាតិត្រូវខិតខំបន្តកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋនិងចិត្តសាស្រ្តសង្គម ដោយលើកកម្ពស់ស្មារតីអនុវត្តគោលនយោបាយ«ភូមិ-ឃុំ មានសុវត្ថិភាព បោសសំអាតបទល្មើសគ្រឿងញៀន ប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ លើកកម្ពស់សមត្ថភាពប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្សាបឥទ្ធិពលនៃការបំពុលព័ត៌មានសង្គម ព្រមទាំងបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីអគ្គិភ័យនិងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋក្នុងហេតុការណ៍គ្រោះថ្នាក់សង្គម និងគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងជាយថាហេតុ។

សម្ដេចបន្ថែមថា កិច្ចការទាំងអស់នោះ គឺជាវិញ្ញាសារដ៏ស្មុគស្មាញ និងជាអម្រែកយ៉ាងធ្ងន់ធ្ងរដែលកងកម្លាំងនគរបាលជាតិត្រូវប្រឈមមុខដោះស្រាយនិងរែកពន់ ប៉ុន្តែខ្ញុំនៅតែមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះសុច្ឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងនគរបាលជាតិ និងសូមលើកទឹកចិត្តបងប្អូនបន្តសកម្មភាពបង្កើតស្នាដៃ គុណសម្បត្តិរបស់ខ្លួន ដោយត្រូវឆក់យកឱកាស ប្រែក្លាយការប្រឈម ទៅជាកាលានុវត្តភាព ដើម្បីបង្កើតនូវសក្តានុពលបន្តរួមចំណែករក្សាសន្តិភាពជូនប្រទេសជាតិ ការពារនូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមបង្កលក្ខណសម្បត្តិដល់ប្រជាពលរដ្ឋរស់នៅក្នុងភាពស៊ីវិល័យ មានភាពសុខសាន្ត និងសំបូររុងរឿង។

ជាចុងក្រោយនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាន់ ដែលបានបូជាកម្លាំងកាយ ចិត្ត គំនិតប្រាជ្ញា និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដែលគុណសម្បត្តិ និងការលះបង់ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីស្នេហាជាតិរបស់កងកម្លាំងនគរបាលជាតិក្នុងការបម្រើឱ្យផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋ គឺពិតជាមានច្រើនឥតគណនា និងមិនអាចកាត់ថ្លៃបាននោះឡើយ៕