ក្រសួងសុខាភិបាលបន្តក្រើនរំលឹកនិងអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជម្ងឺកូវីដ១៩ឲ្យខ្លាំងជាមុនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០៥ ២០២០៖


ក្រសួងសុខាភិបាលបន្តក្រើនរំលឹកនិងអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជម្ងឺកូវីដ១៩ឲ្យខ្លាំងជាមុនបន្ថែមទៀត ដើម្បីបន្តរក្សានូវកិច្ចការពារកុំឲ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបន្តទៀត ។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើទោះបីជាប្រទេសកម្ពុជា មិនមានរកឃើញករណ៏ជំងឺកូវីដ-១៩ ថ្មី ក្នុងរយៈពេលជាងមួយខែកន្លងមកនេះក្តី ហើយករណីជំងកូវីដ-១៩ ទី១២២ បានព្យាបាលជាសះស្បើយអស់ហើយក៏ដោយ ក៏ក្រសួងកនៅតែមានកិច្ចការជាច្រើនទៀតដែលត្រូវអនុវត្តន៍ជាបន្តបន្ទាប់ ជាពិសេសការត្រួតពិនិត្យដោយហ្មត់ចត់នូវសុខភាពអ្នកដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា ដើម្បីចៀសវាងការនាំចូលនូវវីរុសកូវីដ-១៩។

លោកជំទាវបញ្ជាក់ថាក្រសួងសុខាភិបាលនៅតែតម្រូវឲ្យបុគ្គលគ្រប់រូប ក៏ត្រូវតែមានការប្រុងប្រយ័ត្ននិងអនុវត្តវិធានការការពារការចម្លងឲ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាម សភាពធម្មតាតាមបែបគន្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺវីដ-១៩ ជាចាំបាច់ ដូចជាការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ ក្នុងករណ៏ចាំបាច់ ប្រើក្រម៉ាកន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានភ្លុកកណ្តាស់ បន្តអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជាការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនា ជាដើម ។ 

លោកជំទាវបញ្ជាក់ថា ទោះបីកម្ពុជាបានព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយអស់ក៏ដោយ ប៉ុន្តែពុំមានន័យថាជម្ងឺនេះបានធូរស្រាលឡើយ ព្រោះប្រទេសមួយចំនួននៅលើពិភពលោកនៅតែមានការរាតត្បាតនិងរកឃើញនូវការឆ្លងថ្មី ហើយចំនួនឆ្លងវីរុសមួយនេះនៅប្រទេសខ្លះបន្តកើនឡើង ខណៈប្រទេសខ្លះធ្លាក់ចុះ ដូច្នេះត្រូវតែបង្កើនការថែរក្សាសុខភាពនិងអនាម័យ ទើបឈ្នះជម្ងឺកូវីដ១៩ ដើម្បីចៀសវាងការចម្លងជម្ងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជម្ងឺកូវីដ១៩សរុប ចំនួន ១២២នាក់ដែលបានព្យាបាលជាសះស្បើយអស់ហើយ ហើយគ្មានអ្នកស្លាប់នោះទេ ៕