គណៈរដ្ឋមន្ត្រី អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០–
សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅក្នុងសម័ប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បីបំពេញនូវចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនទាក់ទងនឹងមូលដ្ឋានគតិយុត្តនិងវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះនឹងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វ៊ិកស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering – APG) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤។

ការចូលជាសមាជិកនេះ តម្រូវឱ្យកម្ពុជាអនុវត្តន៍តាមស្តង់ដារអន្តរជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ របស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF) និងត្រូវមានក្របខ័ណ្ឌគតិយុត្តក៏ដូចជាយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិងការរីកសាយភាយអាវុធមហាប្រល័យ។

ចំពោះសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតប នឹងកង្វះខាតមូលដ្ឋានគតិយុត្តបន្ថែមពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

លក្ខខណ្ឌនៃផែនការសកម្មភាពទាំង១៤ចំណុចរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF) តម្រូវឱ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយបន្ថែមខ្លឹមសារសំខាន់ៗ រួមមាន៖

១- ការកំណត់ឱ្យបានច្បាស់លាស់នូវនិយមន័យនៃពាក្យបច្ចេកទេស។ ២-ការបញ្ជាក់បន្ថែមពីនីតិវិធីនៃវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន និង ៣- ការបង្កើនកម្រិតពិន័យជាសាច់ប្រាក់នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំជាច្បាប់ថ្មី ដោយបញ្ចូលគ្នានូវខ្លឹមសារជាគោលនៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៣ ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្តង់ដារឆ្នាំ២០១២របស់ក្រុមការងារហិរញ្ញវត្ថុ(FATF)។ បន្ទាប់ពីបានក្លាយជាសមាជិករបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វ៊ិកស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering – APG) កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្តការអនុវត្តច្បាប់ដូចជា គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាដើម៕ដោយ៖ ជឹម ណារី