ក្រសួងសុខាភិបាលបានប្រកាសព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយអស់ហើយ ប៉ុន្តែនៅតែបន្ត អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៦ ០៥ ២០២០៖


ក្រសួងសុខាភិបាលបានប្រកាសព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយអស់ហើយ ប៉ុន្តែនៅតែបន្ត អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺនេះឡើងវិញ នៅកម្ពុជា។
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភានេះ អ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយម្នាក់ទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ចំនួន១២២នាក់ខណៈ អ្នកឆ្លងសរុបមានចំនួន១២២នាក់នៅទូទំាងប្រទេស ដូច្នេះកម្ពុជាគ្មានអ្នកជម្ងឺកូវីដ១៩ទៀតទេ។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា ការព្យាបាលជាសះស្បើយអ្នកជម្ងឺកូវីដ១៩ ទាំង១២២នាក់នេះ គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក៏ដូចជាអង្គការសុខភាពពិភពលោក ដែលបានខិតខំប្រយុទ្ធប្រឆំាងជាមួយនឹងជម្ងឺ ដ៏កាចសាហាវមួយនេះ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារហូតទទួលបានលទ្ធផលល្អប្រសើរ ។
«អ្វីដែលយើងរៀនសូត្របានទី១ការងារគ្រប់គ្រង និងភាពជាអ្នកដឹកនាំដែលសំខាន់ណាស់រាល់ប្រតិបត្តិការអ្វីក៏ដោយប្រសិនបើខ្វះភាពជាម្ចាស់ភាពជាអ្នកដឹកនាំគឺយើងពិបាកហើយ ហើយនៅទីនេះអ្វីដែលយើងរៀនសូត្រ យើងឃើញហើយគឺជាការមានភ័ពសំណាងល្អណាស់ដែលព្រះរាជាណាចក្រកម្ពុជាយើងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងដែលបានដឹកនាំ ដែលលោកមានគិតបណ្ឌិតឈ្លាសវៃមែនទែន ហើយក៏បានដាក់ចេញនូវយុទ្ធសាស្រ្តនិងការចង្អុលបង្ហាញនូវវិធានការផ្សេងៗ ហើយបទបញ្ជផ្សេងៗដាក់បានទាន់ពេលវេលា ដែលធ្វើឲ្យយើងគ្រប់គ្រងស្ថានការបានល្អប្រសើរ ។ ទី២អ្វីដែលយើរៀនសូត្រគឺការត្រៀមលក្ខណៈ ការត្រៀមលក្ខណៈគឺជាចំនុចសំខាន់ណាស់ ប្រសិនបើយើងដឹងថាមានជម្ងឺហ្នឹងមកហើយយើងអត់បានត្រៀមយើងច្បាស់ជារងគ្រោះដោយសារជម្ងឺហ្នឹងធ្ងន់ធ្ងរ ប៉ុន្តែអ្វីដែលយើងរៀនសូត្របាននេះយើងទាំងអស់គ្នាយើងបណ្តើរ យើងរៀនបណ្តើរ យើងត្រៀមលក្ខណៈបណ្តើរ ហើយកៀរគរនូវធនធានដើម្បីដាក់ចេញនូវវិធានការ ដើម្បីប្រើប្រាស់នូវសកម្មភាពរបស់យើង ។ ចំណុចទី៣គឺការសាមគ្គីភាពគ្នា ការសហការគ្នាបានល្អហើយចំណុចសំខាន់មួយទៀតនោះគឺគ្រប់ស្ថាប័ន គ្រប់ផ្នែកទាំងអស់ ហើយទន្ទឹមនិងនោះប្រជាពលរដ្ឋហ្នឹងឯង បុគ្គលនិមួយៗហ្នឹងឯង ដែលគាត់មានការយល់ដឹង មានការចូលរួម ប្រយុទ្ធប្រឆាំងទៅនិងជម្ងឺកូវីដ១៩នេះ » ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាអ្នកជម្ងឺកូវីដ-១៩ទំាង ១២២ នាក់ជាសះស្បើយអស់ហើយ និងគ្មានអ្នកស្លាប់នោះទេ ៕