ក្រសួងយុត្តិធម៌ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០នេះតទៅ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 16.05.2020៖ 

ក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០នេះតទៅ ដើម្បីចូលរួមចំណែកដោះស្រាយការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ ។

  តាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រសួងនឹងប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ប្រភពបានបន្តថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដោះស្រាយការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី ខេត្ត ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ តាមរយៈការពន្លឿនចំណាត់ការសំណុំរឿង ។

ប្រភពបានបញ្ជាក់ថា ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសិទសារព័ត៌មាន នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការលម្អិតមួយចំនួន នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ៕