ឯកឧត្តមវ៉ាត់ចំរើន៖ កម្ពុជាត្រូវការមានទូរទស្សន៍ឯកទេសកីឡា១ សម្រាប់ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ ស៊ីហ្គេម ២០២៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអោយដឹងថា ទូរទស្សន៍កីឡាកម្ពុជា CSTV (Cambodia Sports Television) ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងត្រូវបើកឲ្យដំណើរការនាពេលខាងមុខ ដោយចក្ខុវិស័យនៃថ្នាក់ដឹកនាំទូរទស្សន៍កីឡាកម្ពុជានេះមានជំហរដ៏សំខាន់ពីរ ទី១គឺដើម្បីរៀបចំម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាត្រូវការមានទូរទស្សន៍ឯកទេស១និងទី២គឺជាមជ្ឈមណ្ឌលផ្សព្វផ្សាយកីឡា។
ឯកឧត្តមបានពន្យល់ថា «ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់ឯកឧត្តមបណ្ឌិតថោង ខុន ជាប្រធានNOCC នៅក្នុងដំណាក់កាលនៃការរៀបចំការប្រកួតស៊ីហ្គមេលើកទី៣២ឆ្នាំ២០២៣យើងត្រូវការទូរទស្សន៍ឯកទេសមួយ ។ ទូរទស្សន៍ឯកទេសនេះ គឺយើងធ្វើការបណ្តុះបណ្តាល និងការរៀបចំទៅក្នុងកម្រិតឯកទេសកីឡា ដែលមានន័យថា ទាំងរបៀបថត ការចាប់មុំថត ឧបករណ៍ថត ត្រូវមានលក្ខណៈពិសេស សម្រាប់វិស័យកីឡា ដោយធ្វើយ៉ាងណាឲ្យទូរទស្សន៍នេះជាទូរទស្សន៍ឯកទេស។ ហើយទូរទស្សន៍កីឡាកម្ពុជានេះក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ (Broadcasting Center) ពីការត្រៀមស៊ីហ្គេម នាពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ តែម្តង។ នៅចុងឆ្នាំ២០២០ទូរទស្សន៍នេះ នឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡាញជាបណ្តើរៗសិន ។ ដូច្នេះការរៀបចំទាំងនេះ គឺផ្តោតសំខាន់លើកម្រិតឯកទេសកីឡាតែម្តង ដោយទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ»។ឯ.ឧបន្តទៀតថា ខាងជំនាញការសាធារណរដ្ឋកូរ៉េ ដែលជាអ្នកជំនាញទូរទស្សន៍កីឡានៅកូរ៉េ នឹងមកជួយយើងជាមុនសិន ក្នុងនោះក៏មានខ្មែរយើង៥០%ដែរ ហើយអ្នកជំនាញកូរ៉េនឹងបណ្តុះបណ្តាលមន្ត្រី បុគ្គលិក អ្នកជំនាញបច្ចេកទេសជូនដល់ខ្មែរយើង បន្ទាប់មកគឺខ្មែរយើងបន្តធ្វើការដោយខ្លួនឯង។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា យើងកំពុងធ្វើការងារនេះដើម្បីជំរុញឲ្យអ្វីៗក្លាយទៅជាទូរទស្សន៍ជំនាញអាជីពវិជ្ជាជីវៈនៅក្នុងផ្នែកនីមួយៗ ដូច្នេះខាងកីឡាក៏មានវិជ្ជាជីវៈកីឡាដូចគ្នា ដើម្បីគោរពបាននូវស្តង់ដារមួយនៅពេលស៊ីហ្គេម ហើយចំពោះប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវមានស្តង់ដារស៊ីហ្គេមដែរ ដោយមិនមែនចេះតែធ្វើទៅបានដោយគ្មានអាជីពពិតប្រាកដ ឬគ្មានស្តង់ដារនោះឡើយ។ការមិនមានស្តង់ដារ គឺធ្វើឲ្យការផលិតនៃប្រព័ន្ធផ្សព្វផ្សាយកីឡានោះមិនអាចត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះឡើយ។ ទូរទស្សន៍កីឡាថ្មីមួយនេះ នឹងត្រូវផ្សាយតាមប្រព័ន្ធឌីហ្គីថលកម្រិតគុណភាពរូបភាពច្បាស់ល្អ HD (High Definition) ដែលអាស៊ានតម្រូវឲ្យយើងប្រើប្រាស់ស្តង់ដារមួយនេះ៕