រាជរដ្ឋាភិបាលកម្ពុជា បន្តរឹតបណ្តឹងនៅតាមព្រំដែន ចំពោះប្រជាពលរដ្ឋដែល មកពីក្រៅប្រទេស ដើម្បីការពារមិនអោយមានការចម្លងជំងឺពីបរទេសចូលក្នុងស្រុក

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០៖

 រាជរដ្ឋាភិបាលកម្ពុជា បន្តរឹតបណ្តឹងនៅតាមព្រំដែន ចំពោះប្រជាពលរដ្ឋដែល មកពីក្រៅប្រទេស ដើម្បីការពារមិនអោយមានការចម្លងជំងឺពីបរទេសចូលក្នុងស្រុក ខណ:ដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជាជួបប្រទះបញ្ហាជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាលនេះ រាជរដ្ឋាភិបាកកម្ពុជាមានការព្រួយបារម្ភខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានត្រលប់មកពីក្រៅប្រទេស។ដូច្នេះ ប្រសិនបើមានករណីនេះ ត្រូវអោយពួកគាត់នៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ដើម្បីការពារការចម្លងជំងឺនេះពីម្នាក់ទៅម្នាក់ទៀត នឹងចូលសហគមន៍ ។
សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ក្នុងការទប់ស្កាត់ជំងឺនេះ ដែលបានចាត់ចែងការដាក់ម៉ាស៊ីនស្កេនកំដៅ ហើយក៏បានពង្រាយក្រុមការងារចត្តាឡីស័ក ឲ្យ ប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិផងដែរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែររស់នៅក្រៅប្រទេស សូមមេត្តាកុំ វិលត្រឡប់ចូលមកស្រុក ក្នុងកាលៈទេសៈនេះ ដើម្បីការពារកុំឲ្យមានការផ្ទុះជាលើកទី២។
សូមបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភានេះ អ្នកដែលបានព្យាបាលជាសះស្បើយ សរុបមានចំនួនកើនឡើងដល់ ១២១នាក់ នៅសល់តែ១នាក់ទៀតទេ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ៕