ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមរក្សាគម្លាត នឹងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមរក្សាគម្លាតនឹងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំអោយឆ្លងរីករាលដាលពីម្នាក់ទៅម្នាក់ នឹងចូលសហគមន៍ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាមានប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជាយើងបាន ព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ជាសះស្បើយច្រើនយ៉ាងណាក្តី ក៏ជំងឺមួយនេះនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ពិភពលោកទាំងមូល ។ សម្តេចបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រសួងសុខាភិបាល កំពុងខិតខំធ្វើការសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភពលោក ធ្វើយ៉ាងណាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស និងទប់ស្កាត់ជំងឺកូវីដ១៩ អោយមានប្រសិទ្ធភាពខ្ពស់ កុំអោយមានការរីករាលដាលនៅប្រទេសកម្ពុជាបន្តទៀត ។
<< ខ្ញុំនៅតែបន្តឲ្យខិតខំបន្ថែមទៀត មិនត្រូវមើលស្រាលទៅលើបញ្ហានេះទេ ទោះបីជា យើងគ្មានការឆ្លងក្នុងរយៈពេលជាង ១ខែ ក៏ប៉ុន្តែអ្វីដែលយើងយកចិត្តទុកដាក់នោះ យើងធ្វើ បារម្ភហើយខ្លាចនឹងផ្ទុះឡើងវិញនូវជំងឺនេះ ហើយធ្វើការការពារទប់ស្កាត់លែងបាន ជាពិសេសការស្នើសុំឲ្យបើកសាលារៀនវិញ យើងបានពិភាក្សារួចហើយគឺមិនគួរទាន់បើកសាលា គឺយើងត្រូវរក្សាជីវិតនៅគង់វង់សិន ប្រសិនបើវាចូលក្នុងសាលារៀន វាដូចជាការឆ្លងចូលទៅក្នុងសហគមន៍ផងដែរ ហើយវាអាចងាយរងគ្រោះបំផុត >> ។
សម្តេចតេជោ ក៏បានបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សានូវអនាម័យខ្លួនប្រាណ និងជុំវិញកន្លែងដែរខ្លួនរស់នៅអោយបានស្អាតជាប្រចាំ រួមទាំងប្រកាន់ភ្ជាប់នូវគោលការណ៍ដែល រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ មិនអោយមានការជួបជុំ ប្រមូលផ្តុំគ្នាច្រើន រៀបចំកម្មវិធីកម្សាន្ត ពិធីជប់លៀង រាំកម្សាន្ត ដើម្បីការពារខ្លូន នឹងគ្រូសារ ក្នុងពេលដែលកម្ពុជានិងនៅលើពិភពលោកកំពុងប្រឈមនឹងជំងឺមួយនេះ ។
សូមបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភានេះ អ្នកដែលបានព្យាបាលជាសះស្បើយ សរុបមានចំនួនកើនឡើងដល់ ១២១នាក់ នៅសល់តែ១នាក់ទៀតទេ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ៕