លោកគ្រូ អ្នកគ្រូនៃសាលាអង្គតាភោគស្រុកបាទី ខេត្តតាកែវចុះណែនាំសិស្សដល់ ផ្ទះពីរបៀបរៀនពីចម្ងាយតាមបច្ចេកវិទ្យាក្នុងសម័យកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

លោកគ្រូ អ្នកគ្រូសាលាអង្គតាភោគ ស្រុក បាទី ខេត្តតាកែវ បានចុះរំលឹក និងណែនាំដល់សិស្សានុសិស្សពីរបៀបរៀនតាមអនឡាញនៅតាមខ្នងផ្ទះ ដើម្បីធ្វើយ៉ាងណាកុំឱ្យសិស្សភ្លេចការសិក្សាក្នុងពេលក្រសួងអប់រំបានបិទសាលាបណ្ដោះអាសន្នក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
លោក ឡាច ឆន គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គតាភោគ ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ មានប្រសាសន៍ថា យុទ្ធនាការចុះបង្រៀនសិស្សតាមខ្នងផ្ទះនេះ ដើម្បីឱ្យសិស្សានុសិស្សបានដឹងម៉ោងពេលវេលារៀនពីចម្ងាយ នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា និងផ្សាយតាមទូរទស្សន៍ជាតិទី២ ទៅតាមកម្រិតថ្នាក់សិក្សារបស់ខ្លួន និងជំរុញឱ្យឪពុកម្ដាយជួយបង្រៀនកូនបន្ថែមទៀត។
លោកគ្រូបានបញ្ជាក់ថា យុទ្ធនាការនេះ គឺលោកគ្រូអ្នកគ្រូធ្វើជារៀងរាល់សប្ដាហ៍ ដើម្បីតាមដានការសិក្សារបស់សិស្ស កុំឱ្យសិស្សបោះបង់ការសិក្សាក្នុងដំណាក់កាលកូវីដនេះ។

លោក ហែល ម៉េង និងអ្នកស្រី សុខ អូន មាតាបិតាកុមារតូចៗ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីលោកគ្រូអ្នកគ្រូបានចុះបង្រៀនកូនៗរបស់គាត់ ឱ្យចេះរៀនតាមរយៈកម្មវិធីសិក្សា តាមទូរទស្សន៍ បន្ទាប់ពីពួកគាត់មិនសូវចេះប្រើបច្ចេកវិទ្យា ។
លោក ហែល ម៉េង អះអាងថា ការបង្រៀនពីចម្ងាយនេះ គឺបានផ្តល់ភាពងាយស្រួលសំរាប់សិស្សក្នុងការបណ្តុះស្មារតី និងបង្កើនការយល់ដឹងបន្ថែមទៀតដល់កុមារ ក្នុងគ្រាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា កម្មវិធីសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម ប្រព័ន្ធផ្កាយរណបតេជោ ឌីធីវី និង App ក្រសួងព័ត៌មានដែលសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីមានការចុះអនុស្សារណៈនៃ ការយោគយល់ រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងព័ត៌មាន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ កម្មវិធីនេះ បានចាក់ផ្សាយ នៅ ទូរទស្សន៏ជាតិកម្ពុជា TVK 2 ដែលមាន តាមប្រពន្ធ័ទូរទស្សន៏ Satellite តេជោ DTV និងតាម រយៈប្រពន្ធ័ផ្សព្វផ្សាយ បែប ទំនើប App ក្រសួងព័ត៌មាន រួមទាំង ទូរទស្សន៍ខ្សែកាប រាជធានី ខេត្ត ដោយបាន ផ្សាយចាប់ពីម៉ោង ៧ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ រហូតដល់ ព្រឹកវិញ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ ដោយមានភ្ជាប់តារាងកាលវិភាគដែលផ្ដល់ភាពងាយស្រួល សំរាប់ការរៀនរបស់សិស្សានិសិស្សគ្រប់គ្នាផងដែរ៕