ស្នងការដ្ឋាននគរបាលខេត្តតាកែវ អះអាងថា ក្រោយអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅទូទាំងខេត្ត គ្រោះថ្នាក់ចរាចរណ៏ មានការថយចុះយ៉ាងខ្លាំង

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា .១៥. ០៥ .២០៖

 ស្នងការដ្ឋាននគរបាលខេត្តតាកែវ អះអាងថា ក្រោយអនុវត្តអនុក្រឹតថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្ត គ្រោះថ្នាក់ចរាចរណ៏ មានការថយចុះយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋយល់ដឹងខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាអោយដឹងថា ផែនការជាអាទិភាពរបស់ស្នងការដ្ឋាននគរបាលខេត្ត គឺរួមចំណែកទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវ ពិសេសកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ។
ឯកឧត្តម បន្តថា ស្នងការដ្ឋាននគរបាលខេត្ត បានចុះពង្រឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកតាមគោលដៅសំខាន់ៗ ក្នុងន័យធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយល់ច្បាស់អំពីច្បាប់ ចរាចរណ៍ ហានិភ័យនៃការប្រើប្រាស់ដងផ្លូវ បច្ចេកទេសយានយន្ត ស្លាកសញ្ញាបញ្ជាចរាចរណ៍ ជាដើម ដើម្បីកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
តាំងពីថ្ងៃចាប់អនុវត្តរដ្ឋបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីយើងមកគឺបាន ១៤ថ្ងៃហើយឃើញថាការស្លាប់របូសគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាពិសេសគឺខេត្តតាកែវយើងខ្ញុំបើប្រៀបធៀបឆ្នាំទៅដើមខែឧសភានេះរយះពេល ១០ថ្ងៃគឺមានការថយចុះ 50%។

ឯកឧត្តម បញ្ជាក់ថា ក្រោយពី អនុវត្តការរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នៅទូទាំងខេត្តតាកែវសម្រាប់ខែឧសភា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៏ មានការថយចុះគួរឲ្យកត់សំគាល់បើប្រៀបធៀបទៅនិងឆ្នាំ២០១៩។

គួរបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្រេចផាកពិន័យ និងឃាត់យានយន្តទុក បានជាង១០០ករណី ក្នុងនោះមានរថយន្ត៣៦គ្រឿង។