នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ ដោយសារច្រើនឆ្នាំកន្លង មកនេះ រាជធានីភ្នំពេញតែងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា ដើម្បីដោះស្រាយនូវបញ្ហាលិចលង់ដោយ ជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែធ្វើការស្ថាបនា ដាក់លូថ្មី ការស្ដារប្រព័ន្ធលូ តូច ធំប៉ុណ្ណោះទេ គឺបានបង្កើតឱ្យមានជាស្ថានីយបូមទឹកថ្មីជាច្រើនកន្លែងផងដែរ។

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  សម្រាប់រាជធានីភ្នំពេញមកដល់ ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះមាន  ស្ថានីយបូមទឹកបឹង ត្របែក, ស្ថានីយបូមទឹកបឹងទំពុន, ស្ថានីយបូមទឹកលូប្រាំ, ស្ថានីយបូមទឹកបុរី១០០ខ្នង, ស្ថានីយបូមទឹកទូលសំពៅ, ស្ថានីយបូមទឹកកប់ស្រូវ, ស្ថានីយបូមទឹកស្វាយប៉ាក, ស្ថានីយបូមទឹកព្រះពន្លា, ស្ថានីយបូមទឹកទួលគោកទី១, ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។

លោកបានបន្តទៀតថា ក្រោយពីមានការស្ថាបនា ការដាក់បណ្ដាញធំៗទំហំ១ម៉ែត្រ, ១ម៉ែត្រកន្លះ, ២ម៉ែត្រ និង២ម៉ែត្រកន្លះនៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រ និងការស្ថាបនាស្ថានីយបូមទឹកជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅ តាមបណ្ដា ស្ថានីយសំខាន់ៗមួយចំនួននោះ គឺបានធ្វើឱ្យរាជធានីភ្នំពេញលែងមានការលិច លង់ដូចបណ្តាឆ្នាំមុនទៀត។ បងប្អូនប្រជាពលរដ្ឋមានការសាទរ និងកោតសរសើរយ៉ាង ខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានដោះស្រាយការលិចលង់នេះបានល្អ៕ ដោយ៖ សួស សំរិត