អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យមន្ត្រីនគរបាលចូលរួមគោរពច្បាប់ឲ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖ជួន បូណា ៖

អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យមន្ត្រីនគរបាលចូលគោរពច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ បានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ ត្រូវធ្វើជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋ តាមរយៈបើកបរយានយន្តគោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសការរិះគន់ពីប្រជាពលរដ្ឋ និងប៉ះពាល់ដល់ដំណើរការនៃការរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋទៅលើមន្រ្ដីនគរបាលមួយចំនួន ដែលធ្វើចរាចរណ៍មិនគោរពច្បាប់ដូចជាពេលធ្វើដំណើរតាមម៉ូតូមិនពាក់មួកសុវត្ថិភាព មិនគោរពស្លាក ឬភ្លើងសញ្ញា និងទិសចរាចរណ៍ជាដើម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺគ្មានការលើកលែងនោះទេ ប្រសិនបើមិនគោរពច្បាប់ មិនថាឡើយមន្រ្ដីនគរបាល ឬមន្ត្រីអនុវត្តច្បាប់នានា ត្រូវតែទទួលទោសផាកពិន័យដូចប្រជាពលរដ្ឋយ៉ាងដូច្នេះដែរ។
សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី ០១-១៤ ខែឧសភាឆ្នាំ ២០២០ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្តចំនួន ២២.៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦.៥៧៩គ្រឿង និងរថយន្ត៥.៨០២ គ្រឿង៕