អាជ្ញាធរខេត្តព្រៃវែង បានបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដល់កសិករ ដោយផ្តោតសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់និងប្រព័ន្ធស្រោចស្រពបន្លែ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 15.05.2020៖

អាជ្ញាធរខេត្តព្រៃវែង បានបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដល់កសិករ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់និងប្រព័ន្ធស្រោចស្រពបន្លែ ដើម្បីធ្វើយ៉ាងណាឲ្យបន្លែទទួលបានទិន្នផលល្អ និងបង្កើនការជឿទុកចិត្តពីអតិថិជនតាមរយ:គុណភាព និងសុវត្ថិភាព ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានមានប្រសាសន៍ឲ្យដឹងថា កសិករទូទាំងខេត្ត បានធ្វើការដាំដុះបន្លែគ្រប់ប្រភេទលើផ្ទៃដីប្រមាណជិត៥០០០ហិកតា ដែលធានាដល់ការផ្គត់ផ្គង់ក្នុងខេត្ត និងមួយចំនួនទៀតសំរាប់នាំចេញទៅ បណ្តាខេត្តផ្សេងៗ ។
លោក បានបន្តថា ការប្រើប្រាស់ផ្ទះសំណាញ់និងប្រព័ន្ធស្រោចស្រពបន្លែ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យបន្លែមានគុណភាពល្អ ទទួលបានទន្និផលខ្ពស់ ហើយធ្វើឱ្យមុខរបរដាំបន្លែរបស់កសិករ មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ ជាពិសេសកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។
សំឡេង ៖ យើងឃើញថាទោះបីជាក្នុងស្ថានភាពលំបាកនៅក្នុងវិបត្តិនៃជំងឺកូវីដ19បែបនេះក៏ដោយ ប៉ុន្តែនៅតាមមូលដ្ឋាន គឺប្រជាពលរដ្ឋលោកនៅតែយកចិត្តទុកដាក់ក្នុងការផលិតកម្មដាំដុះជាប្រចាំ មិនមានការខកខាននោះទេ ប៉ុន្តែគ្រាន់តែថា ក្នុងនាមយើងជាមន្ត្រីបច្ចេកទេស យើងត្រូវយកចិត្តទុកដាក់ពីសំខាន់គឺទីមួយ រកលទ្ធភាពបច្ចេកទេសដាំដុះឲ្យសមស្រប ទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសកម្ដៅកើនឡើង យើងមានធ្វើគ្របផ្ទះសំណាញ់គ្របអីហ្នឹងនេះ គឺជាការណែនាំជាប្រចាំយើងប្រើស្ព្រេបាញ់ទឹក រៀបចំប្រព័ន្ធបាច់សាចទឹក ហើយទី 2 យើងនឹងចូលរួមអប់រំតាមសហគមន៍ តាមការណែនាំរបស់ក្រសួងភិបាល ស្ដីអំពីការការពារសុវត្ថិភាពមិនឲ្យពួកគាត់ជួបជុំគ្នាកម្មវិធីអីទាំងអស់ហ្នឹង ។
សូមបញ្ជាក់ថា ទូទាំងខេត្តមានការចងក្រងជាសហគមន៏រួចជាស្រេចចំនួន១៥៩សហគមន៏ និងកំពុងចាប់ផ្តើមរៀបចំជាបណ្តុះអាជីវកម្ម គឺជាការធ្វើរួមគ្នាដើម្បីឱ្យគ្រប់ទៅតាមតម្រូវការដែលឈ្មួញចង់បាន ជាពិសេសជំរុញឲ្យទៅតាមកិច្ចសន្យារវាងអ្នកលក់អ្នកទិញអ្នកផ្គត់ផ្គង់និងអ្នកប្រមូលទិញឲ្យបានច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងដាំដុះបន្ថែមទៀត ៕