ប្រទេសកាតានឹងពិន័យប្រាក់ជាង៥ម៉ឺនដុល្លារចំពោះអ្នកដែលមិនពាក់ម៉ាស់ពេលចេញក្រៅ

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង

ក្រសួងមហាផ្ទៃប្រទេសកាតា បានប្រកាសថា វិធានការការពារដោយការពាក់ម៉ាស់បង្ការការឆ្លង និងចម្លងវីរុស COVID-19 គឺជាការចាំបាច់នៅពេលចេញទៅខាងក្រៅផ្ទះ ហើយ ចំពោះអ្នកដែលមិនពាក់ម៉ាស់ការពារ នឹងទទួលរងការផាកពិន័យជាទឹកប្រាក់ប្រមាណ ៥៣,០០០ដុល្លារ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ នៅព្រឹកថ្ងៃ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២០។

  យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រសិនបើមានអ្នកល្មើសទៅនឹងការដាក់បម្រាមនេះអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឫ ក៏ការផាកពិន័យផ្សេងទៀត ហើយវិធានការនេះនឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះតែម្តង។ យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃកាតាបានអះអាងថា ចំពោះអ្នកដែលបើកបរតែម្នាក់ឯងនៅក្នុងយានយន្តរបស់ខ្លួនត្រូវបានលើកលែងចំពោះវិធានការពាក់ម៉ាស់ការពារនេះ។

  សូមបញ្ចាក់ថា ប្រទេសកាតាបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១,៧៣៣ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ២៨,២៧២ ករណីនិងមានអ្នកស្លាប់សរុប ១៤ នាក់៕