ក្រសួងប្រគល់ម៉ូតូចំនួន ៧គ្រឿង ដល់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០–

ម៉ូតូចំនួន ៧គ្រឿង របស់គម្រោង « និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា » ត្រូវបានក្រសួងបរិស្ថានបន្តប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នារសៀលពុធ ៧រោច ខែពិសាខ ​ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ។

បើយោងតាម លោក ប៉ាន មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឱ្យដឹងថា ខេត្តមានតំបន់ការពារធម្មជាតិចំនួន៦កន្លែង និងមានផ្ទៃដីជាង៦៤ម៉ឺនហិកតា។ ជាមួយគ្នានេះ តំបន់ការពារធម្មជាតិបានផ្តល់តម្លៃសម្រាប់ប្រព័ន្ធអេកូឡូស៊ីតំបន់អភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋតាមរយៈសក្តានុពល នៃទេសចរណ៍ធម្មជាតិ ។

លោកប្រធានមន្ទីរបានបន្ថែមថា កន្លងមកមានបញ្ហាប្រឈមមួយចំនួន បានគំរាមកំហែងដល់ធនធានធម្មជាតិ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេសពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានវាយតម្លៃខ្ពស់ចំពោះគម្រោង « និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា » របស់ក្រសួងបរិស្ថាន ដែលរួមចំណែកកាន់តែប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។

ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា ការប្រគល់សម្ភារទាំងនេះ ដល់មន្ទីរបរិ ស្ថានខេត្តពោធិ៍សាត់នាពេលនេះ គឺសម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការបំពេញការ ងារក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ។

សូមបញ្ជាក់ថា ក្រោមការគាំទ្រពីធនាគារពិភពលោក (WB) ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តន៍គម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តន៍នៅក្នុងតំបន់គោលដៅរួមមាន៖ ខេត្តកំពង់ស្ពឺ, កោះកុង, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, សៀមរាប, និងខេត្តកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមាន៖ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ដែនជម្រកសត្វព្រៃតាតៃ, ដែនជម្រកសត្វព្រៃសំកុស, របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ, តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប, និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត ៕ ដោយ៖ ពេជ្រ ណារិទ្ធ