លោកជំទាវ ម៉ែន សំអន គាំទ្រដល់ការស្រាវជ្រាវរកឃើញចម្លាក់ជាច្រើននៅប្រាសាទកណ្តាលស្រះស្រង់

វិទ្យុជាតិកម្ពុជា៖

អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងការដ្ឋានកំណាយ បានបង្ហាញ អំពីដំណើរការរៀបចំការដ្ឋានជួសជុល និងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវរួមមាន រចនាសម្ព័ន្ឋ សំណង់ប្រាសាទ ខ្វាត ( គ្រីស្តាល់ ) ត្រីសូល៍ ចម្លាក់នាគក្បាល៧ និងសត្វអណ្តើក។

ក្នុងពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅការដ្ឋានកំណាយ ស្រាវជ្រាវបុរាណវិទ្យាប្រាសាទកណ្តាលស្រះស្រង់ កាលពី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា
បានគាំទ្រចំពោះការប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើក ស្ទួយអភិរក្សប្រាង្គប្រាសាទខ្មែរឱ្យបានគង់វង្សនិងស្ថិតស្ថេរប្រសើរថែមទៀត ។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវនៅប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់) និងត្រីសូល៍។ ក្នុងនោះ ក្រុមការងារក៏បានរកឃើញរចនាសម្ព័ន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ ។ បន្ទាប់មក នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។ នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណ ស (គ្រីស្តាល់) បង្កប់ក្នុងដីនៅទីនោះដែរ។ លោក គឹម សុធិន បញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។
លោក បានពន្យល់ផងដែរថា៖ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវតែប៉ុណ្ណោះ៕