សួនបណ្ដុះកូនឈើមណ្ឌល៣ ត្រៀមកូនឈើប្រមាណ៣ម៉ឺនដើមសម្រាប់ដាំនិងចែកចាយ

វិទ្យុជាតិកម្ពុជា៖ លោកចេមហួត

MC៖ សួនបណ្ដុះកូនឈើមណ្ឌល៣ ជាសួនមួយក្នុងចំណោមសួនបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា។ ជារៀងរាល់ឆ្នាំ សួននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះកូនឈើ សម្រាប់ការដាំដុះ និងចែកចាយដល់ប្រជាពលរដ្ឋដែលមានបំណងយកទៅដាំដុះនៅតំបន់នានាជាពិសេសនៅក្នុងតំបន់អង្គរ។ ឆ្នាំនេះ សួនបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើព្រៃហូបផ្លែ និងឈើលម្អ បានត្រៀមកូនឈើប្រមាណ៣ម៉ឺនដើមសម្រាប់ការងារដាំដុះ ក៏ដូចជាការចែកចាយ។

លោកស្រី ថៃ ប៊ុនធា បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកការងារគ្រប់គ្រងនៅសួនបណ្ដុះកូនឈើមណ្ឌល៣ បានឱ្យដឹងថា នៅសួននេះមានបណ្​​ដុះប្រភេទឈើមួយចំនួនដូចជា ដើមរំដួល ដើមសេមាន់ ដើមគុយ ដើមផ្ញៀវ ដើមផ្កាត្របែកព្រៃ ដើមផ្កាអ៊ិនតាណែល និងប្រភេទដើមឈើមួយចំនួនទៀតសរុបជាង១០មុខ។ លោកស្រីបន្ថែមថា សួនបណ្ដុះកូនឈើមណ្ឌល៣នេះដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះឡើងវិញនូវប្រភេទកូនឈើដែលកម្រ ក្នុងបំណងអភិរក្សដើមឈើទាំងនោះឱ្យគង់វង្សទៅថ្ងៃក្រោយ។

ចំណែកការងារបណ្ដុះវិញ ដូចទៅនឹងសួនបណ្ដុះកូនឈើដទៃទៀតដែរ ក្រុមការងារបានដើររើសគ្រាប់ពូជនៅតាមព្រៃក្នុងរមណីយដ្ឋានអង្គរ តែពូជខ្លះក៏ត្រូវទិញគេដែរ ដោយសារជាប្រភេទឈើកម្រ ឬឆ្នាំខ្លះដើមទាំងនោះខ្សត់ផ្លែជាដើម។ លោកស្រី ថៃ ប៊ុនធា ប្រាប់ថាក្នុងមួយឆ្នាំ សួនបណ្ដុះកូនឈើមណ្ឌល៣ អាចបណ្ដុះឈើចម្រុះពី២ទៅជាង៣ម៉ឺនដើម។

ទន្ទឹមនឹងនោះ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងស្នើសុំកូនឈើយកទៅដាំ សូមធ្វើការទំនាក់ទំនងទៅកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយរយៈពេលមួយសប្ដាហ៍ពួកគេនឹងទទួលបានកូនឈើយកទៅដាំ។ អាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប យកកូនឈើទៅដាំនៅតាមសាលារៀន វត្តអារាម និងនៅក្នុងសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន៤ទីតាំង ទី១ គឺស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើហូបផ្លែព្រៃ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាគ្រោងដាំកូនឈើនិងចែកចាយកូនឈើប្រមាណ១១ម៉ឺនដើម៕

ប្រភពពី អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរអប្សរា