រាជរដ្ឋាភិបាលសម្តែងមោទភាពដ៏ខ្ពង់ខ្ពស់ចំពោះព្រះរាជកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រ ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ

វិទ្យុជាតិកម្ពុជា ៖
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តែងមោទភាពដ៏ខ្ពង់ខ្ពស់ចំពោះព្រះរាជកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ។

  សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដោយបានសរសេរថា នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ព្រះវស្សា យាងចូល៦៨ព្រះវស្សាដែល ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០នេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ព្រមទាំងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ

និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិនិងប្រជាជនព្រមទាំងកិច្ចការបរទេសរបស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យសុខុមាលភាពរបស់ប្រជាជនរយៈកាលកន្លងមក ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរម

រាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព្រះនាមគោរាគទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលបោះពំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុត

ពីព្រះរោគាព្យាធិនានា និងសមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕