អាជ្ញាធរខេត្តបាត់ដំបងប្រកាន់យកយុទ្ធសាស្រ្ត៤ ក្នុងការទប់ស្គាត់ជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ១៣.ឧសភា.២០២០៖

អាជ្ញាធរខេត្តបាត់ដំបង បានប្រកាន់យកយុទ្ធសាស្រ្ត ៤ ក្នុងការទប់ស្គាត់ជំងឺកូវីដ-១៩ ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបងនៅ ព្រឹកថ្ងៃទី ១៣ ខែ ឧសភានេះ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបងបានប្រកាន់យកយុទ្ធសាស្រ្ត ៤ ដើម្បីបង្ការឲ្យបាននៅការឆ្លងជំងឺកូវីដ១៩នេះ ក៏ដូចជាដើម្បីជួយសង្គ្រោះនិងព្យាបាលដល់អ្នកជំងឺដែលមានផ្ទុកជំងឺប្រភេទនេះឲ្យបានទាន់ពេលវេលា។
លោកបានបន្តទៀតថាវិធានការទាំងអស់នេះត្រូវតែបន្តប្រឹងប្រែងក្នុងការអនុវត្តបន្តទៅទៀតដោយសារប្រទេសនៅលើពិភពលោកកំពុងមានការឆ្លងនៅឡើយទេរីឯប្រទេសខ្លះទៀតក៏មានអត្រាស្លាប់នៅតែមានបន្តនៅឡើយ ដូចច្នេះ ដើម្បីបង្ការឲ្យបាននៅការឆ្លងជំងឺកូវីដ-១៩នេះ អោយ បាន អាជ្ញាធរនៅក្នុងខេត្តបាត់ដំបង បានធ្វើការបណ្តុះបណ្តាលគ្រូពេទ្យជួរមុខបានចំនួន១លើក គឺយើងបណ្ដុះទាំងប្រាំពីរមន្ទីរពេទ្យ បូកនឹងមន្ទីរពេទ្យហាន់ដាមួយ ដែលជាដៃគូអង្គការសម្រាប់គាំពារនៅពេលដែលមានបញ្ហាច្រើននិងបានបណ្ដុះបណ្ដាលក្រុមឆ្លើយតបបន្ទាន់ទូទាំងខេត្តបាត់ដំបង មានចំនួន៤វគ្គ ក្នុងមួយវគ្គមានចំនួន៤០នាក់ សរុបចំនួន១៦០។
«យុទ្ធសាស្ត្រខេត្តបាត់ដំបង បានប្រកាន់យកនូវយុទ្ធសាស្ត្ររហ័ស៤ យើងប្រើពាក្យថាយុទ្ធសាស្ត្ររហ័ស៤ រហ័សទី១ គឺរហ័សរកឲ្យឃើញតាមរយៈប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរ តាមរយៈដែលពេទ្យនៅតាមមូលដ្ឋាន ឬរកអ្នកដែលសង្ស័យអោយឃើញ។ បន្ទាប់ពីរកឃើញហើយ យើងត្រូវបង្រៀនគាត់ឲ្យចេះដាក់នៅដាច់ដោយឡែក ឬហៅថាធ្វើចតាឡីស័ក បន្ទាប់មកទៀតត្រូវរាយការណ៍អោយរហ័ស ចំណុចទី៣ ត្រូវរៀបការរហ័ស នៅពេលដែលរាយការណ៍រហ័ស គឺយើងមាន១១៥ និងលេខមន្ទីរសុខាភិបាលខេត្តដែលយើងបានរៀបចំឲ្យគ្រប់មូលដ្ឋានទាំងអស់ នៅពេលដែលមានបញ្ហាយើងអាចទៅយកសំណាកដល់កន្លែង ឬក៏នាំគាត់មកពីទីតាំងដែលត្រូវយកសំណាកនោះនៅតាមមន្ទីរពេទ្យ»។
លោក បានបញ្ជាក់ថា មន្ទីរក៏មានការបណ្ដុះបណ្តាលក្រុមសហគមន៍ គឺមានក្រុមប្រឹក្សាឃុំ ប៉ូលីសមូលដ្ឋាន មណ្ឌលសុខភាព ក៏ដូចជាសមាគមនារីនៅតាមមូលដ្ឋាន អំពីហានិភ័យនៃការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ ដើម្បីអោយពួកគាត់យល់ដឹងហើយចុះអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីហានិភ័យនៃការប្រាស្រ័យទាក់ទង ពីការនិយាយគ្នា ដើម្បីបញ្ចៀសការឆ្លង ក៏ដូចជាការនៅជួបជុំគ្នាច្រើន ។
សូមបញ្ជាក់ថា រហូតមកដល់នេះខេត្តបាត់ដំបង ធ្វើសំណាកបានចំនួនជាង៥០០នាក់ ហើយអ្នកជំងឺ ៨នាក់បានជាសះស្បើយ គ្មានការលាប់មកវិញទេ៕