បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងចេញមុខ សុំទោសហើយ

វិទ្យុជាតិកម្ពុជា​៖

បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខ សមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។
នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានដែល បានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែល បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។
បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា ៖ «សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយ ក្បាលស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោស ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មក ក្រសួងបរិស្ថាន»។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសណ្តោសប្រណីពីសាធារណជនដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ ឯកឧត្តម បានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ ឯកឧត្តមបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅ ទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានា កុំ ប្រព្រឹត្តបទល្មើសបរបាញ់សត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ និងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
គួរបញ្ជាក់ថា សត្វកេងកង គឺជាប្រភេទសត្វកម្រជិតផុតពូជ ហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជា៖ នៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជា ជាដើម៕
អត្ថបទ៖ វ៉ាង ភក្តី ១៣ ០៥ ២០២០