គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់ក្រសួងស្ថាប័នពាក់ពន្ធ័រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស  ថ្ងៃទី១៣  ខែឧសភា ឆ្នាំ២០២០៖

 គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់ក្រសួងស្ថាប័នពាក់ពន្ធ័រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រង់ព្រះជន្ម ៦៧យាងចូល ៦៨ព្រះវស្សា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ ។

គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់ក្រសួងព្រះបរមរាជវាំង ត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មទៅតាមព្រះរាជប្បវេណី តាមការសព្វព្រះរាជហឬទ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។បង្កលក្ខណៈថ្វាយគណៈប្រតិភូសង្ឃទាំងពីរគណៈដឹកនាំដោយសម្ដេចព្រះអគ្គមហាសង្ឃរាជបតី ទេព វង្ស និងសណ្ដែកព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី បានយាងនិមិត្ត ថ្វាយព្រះរាជសព្វសាធុកាពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅក្នុងព្រះមរបរាជវាំង ។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានតុបតែងលំអដោយភ្លើងពណ៌ កំណាត់បូអោយបានស័ក្តិសម និងមានពាក្យស្លោកថ្វាយព្រះពរ សារលិខិត ថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ ។ ចំណែកសារថ្វាយព្រះពរត្រូវផ្ញើជូនក្រសួងព្រះបរមរាជវាំង និងទូរទស្សន៍ជាតិកម្ពុជានិងដើម្បីផ្សព្វផ្សាយ ។

រដ្ឋបាលរាជធានី ខេត្តធ្វើការណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ ឱ្យរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ មានតុបតែងលំអដោយភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្របដាពាក្យស្លោក និងមានសារលិខិតថ្វាយព្រះពរ ព្រមទាំងណែនាំម្ចាស់រោងចក្រ សហគ្រាសសាលារៀន ឱ្យតុបតែងលម្អដោយ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឲ្យបានគ្រប់អង្គភាព ដោយឡែកប្រជារាស្ត្រត្រូវលើកទង់ជាតិឲ្យបានគ្រប់គេហដ្ឋានដើម្បីអបអរសាទរ ។ ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់បាត់ទឹកមិញទឹកបំភ្លឺភ្លើងពណ៌តាមសួនច្បារសាធារណៈ ។

ក្រសួងធម្មការ និងសាសនា ក្រាបបង្គំទូលថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ដើម្បីសុំព្រះរាជតម្រិះរៀបចំគណៈប្រតិភូសង្ឃ ចូលថ្វាយព្រះរាជសព្វសាធុការពរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៧ យាងចូល ៦៨ ព្រះវស្សា ។ណែនាំគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ឲ្យចាត់តាំងគ្រប់វត្តអារាមតុបតែងលម្អដោយ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកនិងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រដោយមានការតុបតែងលម្អដោយកំណាត់បូ នឹងភ្លើងពណ៌ ។

ក្រសួងព័ត៌មានណែនាំឱ្យបណ្ដាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឬទ័យ ស្ដេចយាងចុះសួរសុខទុក្ខ ជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ ប្រជារាស្រ្តរបស់់ព្រះអង្គ និងគ្រប់ព្រះរាជសុខភាពក្នុងបុព្វហេតុជាតិសាសនា។ផ្សព្វផ្សាយសារថ្វាយព្រះពររបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋនគរបាលរាជធានី ខេត្ត ។

ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទ ឲ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្ដាប់ធ្នាប់ សង្គម ចរាចរណ៍ បម្រើការរៀបចំព្រះរាជពិធីនេះតាមសំណូមពរ ធានាសេចក្តី សុខក្សេមក្សាន្ត ជូនប្រជារាស្ត្រយើង តាមរាជធានី ខេត្ត និងចាត់តាំងការអុជកាំជ្រួចនៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ១៩:០០នាទីយប់ ដើម្បីអបអរសាទរ ។

ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមលក្ខណៈដោះស្រាយ សម្ភារៈ ថវិកា សម្រាប់បម្រើការរៀបចំព្រះរាជពិធីបុណ្យឲ្យបានស្របឲ្យបានសមស្របនិងទាន់ពេលវេលា ។

ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា  ផ្ដល់ និងរក្សាចរន្តអគ្គិសនីឲ្យបានស្ថេរភាពដើម្បីបំភ្លឺនៅតាមសួនច្បារ និងទីសាធារណៈ ។

គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចាន់ចែងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក តាមទីតាំងដែលបានកំណត់ ។រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺតាមមន្ទីរពេទ្យ ៕