អាជ្ញាធរខេត្តបាត់ដំបងបង្កើនប្រសិទ្ធភាពចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ13,05,2020

អាជ្ញាធរខេត្តបាត់ដំបងបង្កើនប្រសិទ្ធភាពចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធានាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីកាត់បន្ថយទំនាស់ដីធ្លីជាដើម។

 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង  នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងការបន្ថយនូវបញ្ហាប្រឈមនានា ទាក់ទងនឹងដីធ្លី រដ្ឋបាលខេត្តបានដាក់ចេញ ផែនការគ្រប់គ្រងដីធ្លី ដូចជាការរៀបចំប្លង់គោលស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនិងដាច់ដោយដុំ គ្រប់គ្រងការបែងចែកដីសម្បទានសង្គមកិច្ច និងពង្រឹងការអនុវត្តវិធានការសំណង់ និងត្រួតពិនិត្យការអនុញ្ញាតសាងសង់ ចៀសវាងការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តមបានបន្តទៀតថា គិតមកទល់ពេលនេះ ខេត្តបានធ្វើការប្រមូលនិងបញ្ចូលទិន្នន័យបានចំនួន៣៧២៨១៥ក្បាលដី និងចែកបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋចំនួន៣៤៥៦៩៤ក្បាលដី ដែលបាន កំពុងដំណើរការអនុវត្តនៅក្នុងភូមិចំនួន១១ ឃុំ៥ និងស្រុក៤ សរុបតាំងពីចាប់ផ្ដើមគឺអនុវត្តបាន៣៩៥ភូមិ ៦៦ឃុំ សង្កាត់និង១០ក្រុងស្រុក។ ចំណែកគណៈកម្មការសុរិយោដីបានទទួលករណីវិវាទចំនួន១៩ករណី ដោះស្រាយបញ្ចប់៤ករណី និងករណីវិវាទដែលកំពុងបន្តដោះស្រាយមានចំនួន៥០ករណី។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ប្រជាពលរដ្ឋជាង៦ម៉ឺនគ្រួសារ បានសម្តែងអារម្មណ៍ពេញចិត្ត នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ផងដែរ។ បច្ចុប្បន្ននេះយើងបានធ្វើនិងកំពុងបន្តជំរុញការចុះបញ្ជីដីធ្លីជាពិសេសដែលសមិទ្ធផលលេចធ្លោមួយរបស់ខេត្តដែលយើងបានធ្វើឱ្យប្រជាពលរដ្ឋគាត់សប្បាយចិត្ត ជាមួយនឹងគោលនយោបាយរបស់ សម្ដេចតេជោ ហៅថាគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីនៅក្នុងខេត្តបាត់ដំបងនេះ យើងធ្វើបានជោគជ័យជាមួយនឹងការធ្វើប្បទានកម្មដីធ្លីជូនប្រជាពលរដ្ឋ ដែលលោកបានកាន់កាប់អាស្រ័យផលជាក់ស្ដែង ហើយកាលពីឆ្នាំ ២០១២ គឺយើងធ្វើបានច្រើនយើងធ្វើប្បទានកម្មរហូតដល់ជាង២១ម៉ឺនហិតា ដែលយើងបានផ្ដល់ដល់គ្រួសារដែលភ័យខ្លាចជាមួយសុវត្ថិភាពដី បានមានចំនួន ៦៣០០០ គ្រួសារស្មើនឹងជិត១០ម៉ឺនប័ណ្ណកម្មសិទ្ធិ នេះជាមោទនភាពដែលយើងធ្វើឱ្យប្រជាពលរដ្ឋលោកសប្បាយចិត្ត ជាមួយគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកន្លងទៅ។ អញ្ចឹងចំពោះមុខនេះ គឺមន្ទីរសូរិយោដី នៅតែសេនាធិការ មួយក្នុងការប្រើសេវាផ្នែកដីធ្លីជូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ។»

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា តាមទិន្នន័យកាលពីឆ្នាំ ២០១២ដល់ឆ្នាំ ២០១៩ វិស័យសំណង់នៅក្នុងខេត្តបាត់ដំបង មានការរីកចំរើនគួរអោយកត់សំគាល់លើអចលនវត្ថុ ដូចជាការរៀបចំដីឡូល្វែង ការសាងសង់រោងចក្រជាដើម ដែលក្នុងនោះសរុបមានចំនួន ៨៣៩គម្រោងស្មើនឹង៣២៥៣១៨ម៉ែតក្រឡា ដែលជាទុនវិនិយោគសរុប ៧៦១៨៤៤១០៨ដុល្លា។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រដ្ឋបាលខេត្តដែលមានក្រុមការងារផែនការសកម្មភាពមីន ជា សេនាធិការ បានរៀបចំដាក់បញ្ចូលផែនការបោកសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត។ ហើយជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ ប្រតិបត្តិការដោះមីននៅក្នុងខេត្តបានធ្វើការបោសសំអាតមីនរួច លើផ្ទៃដីសរុបចំនួន២៥១៧៤៨ហិកតា៕