ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអះអាងថា ការដាក់ឱ្យដំណើការណូរីឡើងវិញបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណ៣០ភាគរយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ០៥ ២០២០

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអះអាងថា ការដាក់ឱ្យដំណើការណូរីឡើងវិញបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណ៣០ភាគរយ ហើយបានជួយសម្រួលជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់បានមួយកម្រិតបន្ថែមទៀត ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៣ ខែឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងមានប្រសាសន៍ថា ការជិះណូរី ឫគេហៅជាភាសាអង់គ្លេសថា Bamboo Train នៅភ្នំបាណន់ ខេត្តបាត់ដំបង កំពុងមានការចាប់អារម្មណ៍ខ្លាំងដោយភ្ញៀវអាចជិះទស្សនាទេសភាព ដូចជា ព្រៃភ្នំ ចម្ការដំឡូង ចេក និងចម្ការស្វាយជាដើម 

លោកបានឲ្យដឹងថា យានជំនិះដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារំាងមួយនេះ ត្រូវបានអភិរក្សឡើងវិញ កាលពីឆ្នាំ២០១៨ សម្រាប់ដឹកភ្ញៀវទេសចរទស្សនា កម្សាន្តទេសភាពនៅជុំវិញភ្នំបាណន់ ដែលបានទាក់ទាញភ្ញៀវទេសចរឲ្យមានការកើនឡើងប្រមាណ ៣០ភាគរយ ។ កំណើនភ្ញៀវទេសចរនេះ បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់ ដោយសារទិន្នផលកសិកម្ម ដែលប្រជាពលរដ្ឋផលិតបានត្រូវបានបំរើដល់វិស័យទេសចរមួយចំនួនផងដែរ ។

« សមិទ្ធិផលថ្មីៗដែលមាននាយកដ្ឋានជំរុញផលិតផលទេសចរក្នុងស្រុកនេះបានជួយ បង្កើតការងារនិងចំណូលដូចជាឯកឧត្តមអភិបាលខេត្តបាលើកហើយអំពី ណូរី វាជាអត្តសញ្ញាមួយ ជាមោទភាពខេត្តបាត់ដំបងយើង ឃើញថាណូរីនេះបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្នុងរយះពេល២ឆ្នាំនេះជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុកបានជាង៣០ភាគរយ ហើយផ្តល់ឱកាសការងារដល់ប្រជាជនរស់នៅជុំវិញស្រុកបាណន់១៨គីឡូនេះទិន្នផលដែលគាត់ផលិតបានគឺបំរើឲ្យវិស័យទេសចរមួយចំនួនជាង៣០ភាគរយនៃកំណើនទាំងអស់នេះ »។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត៦៧ម៉ឺននាក់ក្នុងនោះភ្ញៀវជាតិជាង៥ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិជាង១១ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើង៨,១២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨៕