ឯកអគ្គរដ្ឋទូតអាម៉េរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជាបានប្រកាសជំហរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញ ប្បទានបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២០គឺជាខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្រៅពីគម្រោងអភិវឌ្ឍន៍ សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ជឿជាក់ថា ក្នុងឆ្នាំ២០២០នេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងផ្តល់នូវលទ្ធផល ប្រកបដោយផ្លែផ្កាកាន់តែធំធេងថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងស្ថានការណ៍នៃជំងឺកូវីដ-១៩ នេះ ក៏ដូចជាបានចាត់វិធានការបានយ៉ាងល្អប្រសើរចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់ស្តែង នៅកម្ពុជាមានករណីឆ្លងតិច ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងមិនទាន់មានករណីមរណភាពដោយសារជំងឺកូវីដ-១៩ នៅឡើយ។ ជាមួយនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រយុទ្ធ នឹងជំងឺនេះ គិតជាទឹកប្រាក់ប្រមាណ ៣,៥ លានដុល្លារអាម៉េរិក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ ចំពោះ រដ្ឋាភិបាល សហរដ្ឋអាមេរិកដែលបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ពិសេស សម្រាប់វិស័យសុខាភិបាល ក៏ដូចជា សម្រាប់វិស័យសេដ្ឋកិច្ច ស្របពេលដែលដៃគូអភិវឌ្ឍន៍នានាក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្មផងដែរ។ ការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាក្នុងគ្រាដ៏លំបាកនេះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃ បានសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការសហការ ជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងសហរដ្ឋអាមេរិក ដើម្បីអនុវត្តន៍គោលនយោបាយ ប្រយុទ្ធនឹង ជំងឺកូវីដ-១៩, ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, និងគាំពារសង្គម ជាពិសេស ផ្តោតលើការជួយ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន សម្រាប់បំពេញតម្រូវការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោត ជាពិសេសលើវិស័យសុខាភិបាល, អប់រំ, បរិសា្ថន, កសិកម្ម និងអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយបច្ចេកទេសសម្រាប់ការងារកែទម្រង់ថវិកាក្រោមក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។ លើសពីនេះ, ក្នុងបរិការណ៍ ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ, កម្ពុជាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឱ្យមានស្ថិរភាព ដោយបានដាក់ចេញវិធានការណ៍អន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនិងគោលនយោបាយកែតម្រូវខ្សែច្រវាក់ ផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ ដើម្បីរក្សាអត្រាគ្មានការងារឱ្យនៅក្នុងកម្រិតទាប។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរ គុណផងដែរចំពោះឯកឧត្តម Patrick Murphy ដែលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់៕ ដោយ៖គង់ សិរីរ័ត្ន