ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើន ការថែរក្សាសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការ ថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល បើទោះបីនៅសល់អ្នកជំងឺកូវីដ-១៩ តែម្នាក់ក៏ដោយ ដើម្បីការពារការចម្លងថ្មីនៃជំងឺកូវីដ-១៩ ពីមនុស្សមា្នក់ទៅមនុស្សម្នាក់ទៀត ឬទៅសហគមន៍។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះ ក្នុងឱកាសទទួលសម្ភារ សម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីអង្គការការីតាសកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ សម្រាប់បែងចែកទៅតាមសង្កាត់ ដើម្បី បង្កើនការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អំណោយជាម៉ាស់ អាល់កុល និងខិត្តប័ណ្ណអប់រំពីការថែរក្សាអនាម័យរបស់អង្គការការីតាសកម្ពុជានេះ នឹងត្រូវ ចាត់ចែងបន្តដល់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នៅមូលដ្ឋាន ខណៈដែលជំងឺ នេះបាន និងកំពុងរីករាលដាលនៅលើពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើង ដែរ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការការីតាស កម្ពុជា ដែលបានចូលរួមចំណែក ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។

ឯកឧត្តម ឃួង ស្រេង បន្តបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឱ្យបាន ជាប់ជាប្រចាំ ពិសេស លាងដៃ ពាក់ម៉ាស់ការពារ និងចៀសឱ្យបានការជួបជុំប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។

លោក គឹម រតនៈ នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានថ្លែងថា ការផ្តល់ អំណោយជាម៉ាស់ សាប៊ូ អាល់កុល និងខិត្តប័ណ្ណផ្សព្វផ្សាយដល់ រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ គឺដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩៕ ដោយ៖ សួស សំរិត