សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រមូលថវិកាបានប្រមាណ​១០ម៉ឺនដុល្លារ ពីសប្បុរសជនចូលរួមក្នុងឱកាសអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបានមានប្រសាសន៍ថា មានថវិកាមិនតិចជាង១០ម៉ឺនដុល្លារអាម៉េរិក ហើយ​គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ដែលសាខាកាកបាទក្រហមខេត្តបន្ទាយ មានជ័យ​ទទួលបានពីការចូលរួមរបស់សប្បុរសជននានា ក្នុងឱកាសអបអរខួបទី១៥៧ ទិវាពិភពលោក កាក​បាទក្រហម អឌ្ឍចន្ទក្រហម ដែលអាជ្ញាធរបានធ្វើឡើងនៅតាម ស្រុកក្រុងគោលដៅកន្លងមកនេះ​ដើម្បីយកទៅបម្រើឱ្យការងារមនុស្សធម៌នោះ។

នៅក្នុងពិធីជួបសំណេះសំណាល ជាមួយពាណិជ្ជករក្រុងប៉ោយប៉ែត ដើម្បីកៀរគរមូល និធិគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ​កាលពីព្រឹក ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ​ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយ មានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងសប្បុរសជន ទាំងអស់ ដែលបានឧបត្ថម្ភថវិកាក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ឯកឧត្តមបានបញ្ជាក់ទៀតថា មូលនិធិដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួយឱ្យសាខា​ មានធនធាន​ក្នុងការធ្វើ​សកម្មភាព សប្បុរសធម៌របស់ខ្លួន បាននៅគ្រប់ទីកន្លែងទាំងអស់ដោយពុំមានការរើសអើង សំដៅចូល រួមចំណែកក្នុងការជួយសង្រ្គោះជីវិតការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងកុមារ ការលើកកម្ពស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។ល។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវបន្ថែមដល់សប្បុរសជន មេត្តាជួយបន្តទៀតក្រុមការងារនៅតែបន្តទទួលថវិកាពីសប្បុរសជនដែលបានចូលរួម បើទោះបីជានៅឆ្នាំនេះយើងមិន​បានប្រារព្ធខួបលើកទី១៥៧ ទិវាពិភពលោក  កាកបាទក្រហម  អឌ្ឍចន្ទក្រហម ៨ ឧសភា  ក៏ពិតមែន ក្នុងន័យ “ដើម្បីរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់និងការរីករាលដាលនៃជំងឺកូវីដ-១៩” មកលើប្រជាជនកម្ពុជា  ក៏ដូចជាឆ្លើយតបទៅនឹងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ឱ្យប្រជាពលរដ្ឋ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ  កូវីដ -១៩  ដ៏កាចសាហាវនេះ៕ ដោយ៖ឈុនសារ៉ាត