អ្នកសារព័ត៌មាន ៥នាក់បានស្លាប់នៅប្រទេសរុស្ស៊ីបន្ទាប់ពីបានឆ្លងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ ប្រធានសហព័ន្ធអ្នកសារព័ត៌មានរុស្ស៊ី លោក Vladimir Solovyov បាន​និយាយថា អ្នកសារព័ត៌មាន ៥នាក់បានស្លាប់នៅក្នុងប្រទេសរុស្ស៊ីដោយសារមូលហេតុទាក់ទងនឹងមេរោគកូរ៉ូណាវីរុស ខណៈដែលអ្នក​សារព័ត៌មានអាជីពប្រមាណ ២០០នាក់បានធ្លាក់ខ្លួនឈឺបន្ទាប់ពីឆ្លងវីរុសនេះ។

លោក Solovyov បានកត់សម្គាល់ថា «យើងទាំងអស់គ្នាស្ថិតក្នុងស្ថានភាពលំបាកខ្លាំងណាស់។ អ្នកកាសែតរឹតតែមានការ​លំបាកខ្លាំង ព្រោះពួកគេស្ថិតក្នុងជួរមុខ​នៃការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដូចជាគ្រូពេទ្យដែរ។ ជាអកុសល យើងបានបាត់បង់អ្នក​សារព័ត៌មានខ្លះរួចទៅហើយ។ ការរាយការណ៍​កាលពីពេលថ្មីៗនេះ បានបង្ហាញថា យើងមានអ្នកសារព័ត៌មាន ៥នាក់បានស្លាប់ និង ២០០នាក់ផ្សេងទៀតបានឆ្លងជំងឺនេះ»។

យោងតាមស្ថិតិចុងក្រោយបានឱ្យដឹងថា មនុស្សជាង ៤.២៦៩.០០០នាក់បានឆ្លងជំងឺនេះនៅទូទាំងពិភពលោក ហើយមាន​មនុស្សស្លាប់ជាង ២៨៧.០០០នាក់។ បន្ថែមពីលើនេះ មានមនុស្សជាង ១.៥៣៤.០០០នាក់បានជាសះស្បើយ​ពីជំងឺនេះនៅទូទាំង​ពិភពលោក។

រហូតមកដល់ពេលនេះ ករណីឆ្លងមេរោគកូរ៉ូណាវីរុសសរុបមានចំនួន ២៣២.២៤៣នាក់ត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី​ដោយមានអ្នកជំងឺចំនួន ៤៣.៥១២នាក់បានជាសះស្បើយពីមេរោគនេះ។ ទិន្នន័យចុងក្រោយរបស់រុស្ស៊ីបង្ហាញថា មានអ្នកស្លាប់ចំនួន ២.១១៦នាក់នៅទូទាំងប្រទេស។ នៅពេលមុននេះ រដ្ឋាភិបាលរុស្ស៊ីបានបង្កើតបណ្តាញទូរស័ព្ទតាមអ៊ីនធឺណេត​ដើម្បីធ្វើឱ្យសាធារណជន​អាចដឹងអំពីបច្ចុប្បន្នភាពទៅលើស្ថានភាពជំងឺឆ្លងមួយនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)