ជំងឺកូវីដ-១៩៖ ប្រទេសសិង្ហបុរី និងហ្វីលីពីនបន្ធូរបន្ថយវិធានការរឹតត្បិត

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ — ប្រទេសសិង្ហបុរី និងហ្វីលីពីន បានបន្ធូរបន្ថយវិធានការរឹតត្បិត ប៉ុន្តែពួកគេបានព្រមានប្រជាជន​ឱ្យអនុវត្តន៍តាមវិធានការសុវត្ថិភាព។

ប្រទេសសិង្ហបុរីកំពុងចាត់វិធានការដំបូងដើម្បីបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនអាជីវកម្ម ដូចជាក្រុមហ៊ុនផលិតស្បៀង​អាហារ ហាងកាត់សក់ ហាងលក់រាយ អាហារ និងសេវាកម្មបោកគក់ ឥឡូវអាចចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយ ដោយមានវិធានការ​ត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រយ៉ាងតឹងរឹង។

យោងតាមក្រសួងសុខាភិបាលនៃប្រទេសនេះបានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ បន្ថែមមាន ៨៨៤ករណីនៅក្នុងថ្ងៃទី ១២ ខែឧសភា ដែលធ្វើឱ្យចំនួនសរុបនៅក្នុងទីក្រុងនេះកើនដល់ ២៤.៦៧១ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២១នាក់។

ប្រមាណជិត ៩០ភាគរយនៃការឆ្លងមេរោគនេះនៅក្នុងប្រទេសសិង្ហបុរី គឺទាក់ទងនឹងអន្តេវាសិកដ្ឋានសម្រាប់ពលករបរទេស។

នៅថ្ងៃទី ១២ ខែឧសភា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក៏បានប្រកាសបន្ធូរបន្ថយការរឹតត្បិតប្រឆាំងនឹង​ជំងឺកូវីដ-១៩ ផងដែរ ដោយគិតចាប់ពីថ្ងៃទី ១៦ ឧសភា តទៅ។

បណ្តាក្រុមហ៊ុនផលិតមួយចំនួននៅក្នុងរដ្ឋធានីម៉ានីល នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញជាមួយនឹងសមត្ថភាព ៥០ ភាគរយ។

លោកប្រធានាធិបតីរូបនេះបានព្រមានប្រជាជន ឱ្យអនុវត្តន៍តាមវិធានការសុវត្ថិភាពនៅពេលត្រឡប់មកធ្វើការវិញ។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសហ្វីលីពីនបានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១១.០៨៦ករណី ដោយក្នុងនោះ​មានអ្នកស្លាប់ចំនួន ៧២៦នាក់៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)