រាជរដ្ឋាភិបាល ពន្លឿនបញ្ចប់សេចក្ដីព្រាងច្បាប់អត្តសញ្ញាណកម្មសេវាច្រកចេញចូលតែមួយ

វិទ្យុជាតិ កម្ពុជា ៖លោក  ជួន  បូណា ៖

រាជរដ្ឋាភិបាល  ពន្លឿនបញ្ចប់សេចក្ដីព្រាងច្បាប់អត្តសញ្ញាណកម្មទៅក្នុងសេវាច្រកចេញចូលតែមួយឆាប់ៗខាងមុខនេះ  ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការទទួលបានសេវាកាន់តែល្អប្រសើរ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៣ ខែឧសភានេះនៅទីស្ដីការក្រសួងមហាផ្ទៃ  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្ត       ពន្លឿនសេចក្ដីព្រាងច្បាប់ នេះដោយខិតខំជំរុញការងារអត្តសញ្ញាណកម្មទៅក្នុងសេវាច្រកចេញចូលតែមួយ  ដែលពេលនេះកំពុងអនុវត្តសាកល្បង និងការកសាងប្រព័ន្ធផ្ទុកគ្រប់គ្រងទិន្ន័យ និងធនធានមនុស្ស ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថានៅឆ្នាំ២០២០នេះ ថ្វីដ្បិតថាយើងគ្រប់គ្នាបានដឹងរួចមកហើយនូវការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការគ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

សម្ដេចក្រឡាហោម បន្តថា  កិច្ចប្រជុំនៅថ្ងៃនេះគឺជាការបន្តកិច្ចពិភាក្សាដើម្បីឆ្លងផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងទើបតែបានឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានមួយចំនួនរួចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែងការងារ និងតួនាទីរបស់អគ្គនីមួយៗ៕