ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ មិនមែនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្ដែចង់ឱ្យអ្ន​កប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០–

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការនៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​មាន​ប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ គឺមិនមែនមានបំណងរកប្រាក់ចំណេញទេ។ ប៉ុន្ដែយើងចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពី​ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវរដ្ឋលេខាធិការបាន​គូសបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។ យ៉ាងណាមិញ ក្រោមដំបូលសុខសន្តិភាព ផ្លូវថ្នល់ខ្វាត់ ខ្វែង ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរច្រើន បែបច្រើនយ៉ាង រាជរដ្ឋាភិបាលមានភារកិច្ចថែរក្សាសុខ សុវត្ថិភាពរបស់ពួកគាត់ដោយមិនប្រកាន់ទីកន្លែង និងពេលវេលាឡើយ។

ទន្ទមឹនឹងនេះ លោកជំទាវរដ្ឋលេខាធិការបាន​គូសបញ្ជាក់បន្ថែមទៀតថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយមុននឹងប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចបានជូនដំណឹងដល់សាធារណជនតាំងពីដើមឆ្នាំមកម្ល៉េះ ។ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានត្រៀមឯកសារផ្លូវច្បាប់បានគ្រប់គ្រាន់មុនពេលសមត្ថកិច្ចចុះធ្វើប្រតិបត្តិការ និងអាចចៀសផុតពីការពិន័យនានា។

ពាក់ព័ន្ធនឹង​ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត(ឆៀក)  លោកជំទាវបាន​មាន​ប្រសាសន៍ថា នេះជាកាតព្វកិច្ចផ្លូវច្បាប់របស់ម្ចាស់យានយន្ត ហើយការឆៀកនេះត្រូវតែធ្វើឡើងតាមកាលកំណត់របស់រថយន្តនីមួយៗ មិនមែនដល់ពេលរឹតបន្តឹងទើបយករថយន្តទៅឆៀកនោះទេ។ ការមិនយករថយន្តទៅឆៀក មិនត្រឹមតែគ្រោះថ្នាក់ចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ ចំណែកឯការធ្វើប័ណ្ណបើកបរ គឺជាកាតព្វកិច្ចរបស់អ្នកបើកបរ ព្រោះប័ណ្ណបើកបរជាភ័ស្តុតាងបញ្ជាក់ពី សមត្ថភាពរបស់អ្នកបើកបរតាមប្រភេទយានយន្តនីមួយៗដែលកំណត់ដោ​យច្បាប់ មិនមែនជាការកៀងគោបញ្ចូលក្រោលតាមការចោទប្រកាន់នោះទេ ប៉ុន្តែដើម្បីសុវត្ថិភាពរួម។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដោយគោរពច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយសតិសម្បជញ្ញៈខ្ពស់ និងត្រូវចងចាំថា ប្រទេសមានច្បាប់ ប្រជាពលរដ្ឋមានវិន័យ នោះវានឹងនាំមកនូវសុខសន្តិភាព និងវិបុលភាពជាមិនខាន។ បើយើងគោរពច្បាប់ គ្មានសមត្ថកិច្ចណាមកផាកពិន័យយើងឡើយ៕ ដោយ ទេស ច័ន្ទសុធារី