សម្តេចក្រឡាហោមណែនាំឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបង្កើនប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖

សម្តេចក្រឡាហោមណែនាំឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបង្កើនប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋ ទៅតាមសេចក្តីត្រូវការ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះគឺជាការបន្តកិច្ចពិភាក្សាដើម្បីឆ្លងផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងក៏ទើបតែបានឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានមួយចំនួនរួចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែងការងារ និងតួនាទីរបស់អគ្គនាយកដ្ឋាននីមួយៗ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ ថ្វីដ្បិតថាយើងគ្រប់គ្នាបានដឹងរួចមកហើយនូវការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការគ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតដែរ។
ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោម បានមានប្រសាសន៍ជំរុញឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្តពន្លឿនការឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់ ការខិតខំជំរុញការងារអត្តសញ្ញាណកម្មទៅក្នុងសេវាច្រកចេញចូលតែមួយដែលពេលនេះកំពុងអនុវត្តន៍សាកល្បង និងការកសាងប្រព័ន្ធផ្ទុកគ្រប់គ្រងទិន្ន័យ និងធនធានមនុស្ស ៕