ស្ត្រីជនជាតិអេស្ប៉ាញអាយុ ១១៣ ឆ្នាំម្នាក់បានរស់រានមានជីវិតពីជំងឺCOVID-19

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង

ស្ត្រីជនជាតិអេស្ប៉ាញអាយុ ១១៣ ឆ្នាំម្នាក់ដែលគេជឿថាគាត់មានអាយុវែងជាងគេនៅអេស៉្បាញ បានរស់រានមានជីវិតពីជំងឺCOVID-19 នៅក្នុងផ្ទះចូលនិវត្តន៍របស់គាត់ខណៈអ្នកស្រុកជាច្រើនផ្សេងទៀតបានស្លាប់ដោយសារជំងឺនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបរទេស នៅថ្ងៃ ពុធ ទី ១៣ ខែឧសភា ឆ្នាំ ២០២០។

លោកយាយ Maria Branyas កើតនៅថ្ងៃទី ៤ ខែមីនាឆ្នាំ ១៩០៧ នៅសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ហើយបានឆ្លងជំងឺនេះកាលពីខែមេសា ហើយបានសម្រាកទទួលការព្យាបាលដាច់ដោយឡែកក្នុងបន្ទប់នៅផ្ទះចូលនិវត្តន៍ Santa Maria del Tura ស្ថិតនៅភាគខាងកើតនៃទីក្រុង Olot  ជាកន្លែងដែលលោកយាយបានរស់នៅអស់រយៈពេល ២០ ឆ្នាំមកហើយ។អ្នកនាំពាក្យកន្លែងនិវត្តន៍ជនបានអះអាងថា លោកយាយ Maria បានរួចផុតពីជំងឺហើយបានធូរស្បើយ និងមានអារម្មណ៍ល្អឡើងវិញបន្ទាប់ពីលទ្ធផលធ្វើតេស្តរកជំងឹ COVID-19 របស់លោកយាយអវិជ្ជមាន។

សូមបញ្ជាក់ថា ប្រទេសអេស្បាញគឺជាប្រទេសមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងការរាតត្បាតជំងឺ COVID-19ដោយមានអ្នកស្លាប់ជិត ២៧,០០០ នាក់ ហើយអ្នកដែលងាយរងគ្រោះជាងគេគឺមនុស្សចាស់ជរាដែលរស់នៅក្នុងមណ្ឌលចូលនិវត្តន៍៕