អ្នកជំនាញអង្គការ CMHអះអាងថា ការសេពគ្រឿងស្រវឹងជុំគ្នាជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-19

វិទ្យុជាតិកម្ពុជា​៖លោកជួន​ បូណា​ ៖

មន្ត្រីជំនាញនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាហៅកាត់ថា CMH អះអាងថា ការសេពគ្រឿងស្រវឹងជុំគ្នា ជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-19 ខណៈ ជំងឺនេះ កំពុង រាតត្បាត និងបង្កកាព្រួយបារម្ភទូទាំងពិភពលោក។
លោកវេជ្ជ បណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការសេពគ្រឿងស្រវឹងជុំគ្នា ជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-19 ដោយសាតែមិនបានលាងដៃជាមួយអាល់កុល ឬសាប៊ូ មិនបានពាក់ម៉ាស់ មិនបានរក្សាគម្លាតក្នុងអំឡុងពេលសេពគ្រឿងស្រវឹងជាដើម។ លើសពីនេះ ក្នុងអំឡុងពេលសេពគ្រឿងស្រវឹង ភាពស្និទ្ធស្នាល ការស្វាគមន៍ ដូចជាចាប់ដៃ ប្រកៀកប្រកិតគ្នា ឬអោបគ្នា ជល់កែវជាមួយគ្នា ហូបគ្រឿងក្លែមជុំគ្នាសុទ្ធតែជាកត្តាប្រឈមនៃការឆ្លងជំងឺកូវីដ-19 ព្រោះយើងមិនអាចដឹងថានរណាមានផ្ទុកវីរុសនេះទេ។
លោកវេជ្ជ បណ្ឌិត បាន បញ្ជាក់ ថា ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងសហគមន៍ដែលកើតឡើងដោយការសេពគ្រឿងស្រវឹងជុំគ្នា រាជរដ្ឋាភិបាលគួរចេញបទបញ្ជា រួមមាន ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ និងហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទមួយរយៈ ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនិងភាពងាយរកបាននៃគ្រឿងស្រវឹងជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានលើកឡើងថា៖ “ ការសេពគ្រឿងស្រវឹងនឹងធ្វើឱ្យចុះខ្សោយប្រព័ន្ធភាពស៊ាំនិងកាត់បន្ថយសមត្ថភាពទប់ទលនឹងជំងឺឆ្លងជាច្រើន។”
គេសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនបានផ្ដើមប្រមូលផ្ដុំគ្នាផឹកស៊ីច្រៀងសប្បាយជាហូរហែរ ដែលឥរិយាបទទាំងនេះប្រាសចាកទៅនឹងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា៖ “ បញ្ហាកូវីដ-19 នៅកម្ពុជាស្ថិតនៅភ្លើងស្ដុបពណ៌លឿងនៅឡើយទេ ដូច្នេះត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕