ក្រសួងបរិស្ថានស្វែងរកអត្តសញ្ញាណជនប្រមាញ់សត្វកេងកងធំ

វិទ្យុជាតិកម្ពុជា​៖​

ក្រសួងបរិស្ថានស្វែងរកអត្តសញ្ញាណជន ប្រមាញ់សត្វកេងកងធំម្នាក់ ដើម្បីយកមកអប់រំកុំឲ្យធ្វើការបរបាញ់សត្វព្រៃបន្តទៀត ខណៈសត្វព្រៃមួយចំនួនស្ថិតក្នុងពពួកកម្រ និងជិតផុតពូជ។

  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែឧសភានេះ បានឲ្យដឹងថា ក្រសួងកំពុងស្រាវជ្រាវរកបុគ្គលដែលបាញ់សត្វកេងកងនោះ ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បទល្មើសបរបាញ់សត្វព្រៃបន្តទៀត ព្រមទាំងរឹបអូសយកឧបករណ៍ ឬកំាំភ្លើងកែច្នៃដែលបានប្រើប្រាស់នោះ។

  ការឲ្យដឹងនេះ ធ្វើឡើងបន្ទាប់ពីនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក បានបង្ហោះរូបភាពបុរសម្នាក់លើកយួរសត្វកេងកងមួយក្បាល និងកំាំភ្លើងកែច្នៃមួយដើម ជាមួយខ្លឹមសារបង្ហាញពីការសោកស្តាយចំពោះជនដែលបរបាញ់សត្វកម្រមួយនេះ។

នៅលើគណនីហ្វេសប៊ុកមួយឈ្មោះថា Theam Vuthy  គណនីហ្វេសប៊ុកមួយនេះ បានសរសេរថា «ពិតជាមិនចេះសោកស្តាយសម្បត្តិធម្មជាតិ ដ៏កម្រមែនលោកព្រះអើយ! តើគួរតែបញ្ជូនទៅអប់រំទេ? #កេងកង….សត្វប្រភេទនេះជិតផុតពូជហើយ»។

សត្វកេងកងធំ គឺជាសត្វចូលចិត្តស៊ីផ្លែ និងយកព្រៃមានអាយុកាលចាស់ធ្វើជាទីជំរក។ សត្វស្លាបមួយនេះមានប្រវែងពី៩៥ទៅ ១២០សង់ទីម៉ែត្រ និងទម្ងន់វាពេញវ័យ២,៨គីឡូក្រាម

បក្សីមួយប្រភេទនេះ ត្រូវបានអង្គការ ICUN ចុះក្នុងបញ្ចីក្រហមជាសត្វជិតផុតពូជ ដោយសារតែការបាត់បង់ជម្រក និងការបរបាញ់នៅតាមតំបន់មួយចំនួន។អត្ថបទ៖ វ៉ាង ភក្តី ១៣ ០៥ ២០២០