សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ១២.០៥.២០

១.អង្គការសុខភាពពិភពលោកបានអបអរសាទរចំពោះការធ្លាក់ចុះនៃអត្រាឆ្លងនិងការស្លាប់ដោយសារវីរុសកូវីដ១៩នៅក្នុងប្រទេសមួយចំនួនប៉ុន្តែក៏បានអំពាវនាវអោយប្រទេសនានាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលប្រទេសទាំងនោះចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតរបស់ខ្លួន។ប្រទេសក្នុងសហភាពអឺរ៉ុបក៏បានចាប់ផ្តើម ដំណើរការរៀបចំបើកប្រទេសឡើងវិញផងដែរ ។

២.អាមេរិក៖ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានច្រានចោលការព្រួយបារម្ភជុំវិញការរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងសេតវិមានប៉ុន្តែលោកបាននិយាយថាលោកអាចនឹងកម្រឹតការទាក់ទងជាមួយលោកអនុប្រធានាធិបតីម៉ែកភិន ។លោកត្រាំបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថាលោកភិនបានដាក់ឲ្យនៅដាច់ ដោយឡែកបន្ទាប់ពីលេខារបស់លោកបានធ្វើតេស្តគូវីដ១៩ វិជ្ជមាន។

៣.ប្រេស៊ីល៖ បើយោងតាមការវិភាគរូបភាពផ្កាយរណបដែលត្រូវបានចាប់យកដោយទីភ្នាក់ងារអវកាសអឺរ៉ុបបាន ឲ្យដឹងថាប្រតិបត្ដិការកាប់ឈើនិងរុករករ៉ែមានសន្ទុះយ៉ាងខ្លាំងនៅក្នុងព្រៃអាម៉ាហ្សូនកំឡុងពេលដែលមានវីរុសកូវីដ១៩រាតត្បាតនេះ។ក្រុមអ្នកបរិស្ថានបាននិយាយថាវីរុសរាតត្បាតបានផ្តល់ឳកាសដល់ការធ្វើប្រតិបត្តិការ នេះហើយក៏បានបន្ទោសប្រធានាធិបតីប្រេស៊ីលចំពោះអ្វីដែលគេមើលឃើញថាជាការយល់ព្រមរបស់លោកចំពោះការកាប់បំផ្លាញព្រៃឈើនេះ។

៤.ឡាវ៖ គណៈកម្មការទន្លេមេគង្គ (MRC)បាននិយាយថាប្រទេសឡាវបានដាក់ផែនការសាងសង់ទំនប់ វារីអគ្គិសនីថ្មីមួយទៀតនៅតាមដងទន្លេមេគង្គ ដោយការស្ថាបនានេះ ត្រូវបានរំពឹង ទុកថានឹងចាប់ផ្តើម នៅចុងឆ្នាំនេះ។គណៈកម្មការទន្លេមេគង្គបានបន្តទៀតថារោងចក្រវារីអគ្គិសនីសាន់ហាំត្រូវ ចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារអាមេរិក។

អត្ថបទ ឆាយ វីកាល