អ្នកហួសសុពលភាពឆៀកចាប់ពីថ្ងៃ១ កក្កដាខាងមុខ នឹងត្រូវផាកពិន័យ២.០០០រៀល ក្នុង១ថ្ងៃ

វិទ្យុជាតិកម្ពុុជា
MC:   អ្នកហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ឬហៅថាឆៀក ចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខតទៅ នឹងត្រូវផាកពិន័យ២.០០០រៀល ក្នុង១ថ្ងៃ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈការផាកពិន័យរបស់សមត្ថកិច្ចចំពោះបទល្មើសមួយនេះចំពោះរថយន្តធុនស្រាលចំនួន១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន៣៧ម៉ឺន៥ពាន់រៀល។
នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូន នៃអគ្គនាយកដ្ឋានដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១២ ខែឧសភានេះ។
ឯកឧត្តម បានក្រើនរំឭកប្រជាពលរដ្ឋទាំងអស់ ត្រូវប្រញាប់រូតរះទៅបន្តសុពលភាពតាមការកំណត់នៃសេវាសាធារណ:វិស័យដឹកជញ្ជូនផ្លូវគោកឲ្យបានមុន ដើម្បីចៀសវាងការផាកពិន័យ។ ឯកឧត្តម កត់សម្គាល់ថា ប្រជាពលរដ្ឋចូលទៅធ្វើឆៀក នៅមុន និងអំឡុងពេលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានការកើនឡើងខ្ពស់បំផុតមិនឆ្លាប់មាន ដែលក្នុងមួយថ្ងៃមានរហូតដល់ជាង៤ពាន់គ្រឿងនៅទូទាំងប្រទេស។
ទាក់ទងនឹងករណីនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍នៅតាមដងផ្លូវនឹងធ្វើការផាកពិន័យចំពោះរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀក តាមអនុក្រឹត្យថ្មីលេខពី៣៩ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
យោងតាមអនុក្រឹត្យថ្មីនេះ ការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀក បើចំពោះរថយន្តធុនស្រាលចំនួន១៨ម៉ឺនរៀល និង រថយន្តធុនធ្ងន់ចំនួន៣៧ម៉ឺន៥ពាន់រៀល។
តាមតារាងតម្លៃឆៀកយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តម្លៃត្រូវបានកំណត់តាមប្រភេទយានយន្ត ដែលក្នុងនោះ ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោរ៉ឺម៉ក តម្លៃ ៧០០០រៀល។ រីឯ រថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ឬរថយន្តធុន ស្រាល ដែលធ្វើស្លាកលេខថ្មី តម្លៃ ៣៦០០០រៀល។ រថយន្តទេសចរណ៍គ្រួសារ ៤កៅអី ថ្លៃ ៤២០០០រៀលរហូតដល់រថយន្តដឹកទំនិញ ផ្ទុកលើស ពី ១០តោន ថ្លៃ៦៦០០០ រៀល៕
វ៉ាង ភក្តី ១២ ០៥ ២០២០