សមត្ថកិច្ចបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរណ៍ដើម្បីបញ្ជៀសពីគ្រោះថ្នាក់ និងការផាកពិន័យ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

MC៖សមត្ថកិច្ចបន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរណ៍ផ្លូវគោកដើម្បីបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍ និងជៀសផុតពីការផាកពិន័យតាមផ្លូវច្បាប់ជាធរមាន។

ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគបាលចរាចរណ៍ផ្លូវគោគ និងសណ្តាប់ធ្នាប់សារធារណៈនៃក្រសួងមហាផ្ទៃ បានណែនាំថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់នូវការបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព ត្រូវគោរពភ្លើងស្លាកសញ្ញាចរាចរណ៍ មានស្លាកលេខ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវល្មើសក្នុងការបត់ ឬវ៉ាជែង មិនត្រូវដឹកលើសចំណុះ ត្រូវមានប័ណ្ណបើកបរ និងមិនត្រូវប្រើទូរស័ព្ទ ក្នុងពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ជាដើម។
សំឡេង៖«ក្រៅពីវិធានការរឹតបន្តឹងនេះ គឺមិនមានវិធានការណា ល្អជាងនេះទេ។ ករណីដែលប្រជាពលរដ្ឋទៅទទួលយកការខកខានមិនបានទទួលសេវាចាំបាច់មួយចំនួនក្នុងនោះបញ្ហាឯកសារហួសសុពលភាព ប័ណ្ណបើកបរ រថយន្តកែច្នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសមួយចំនួនដែលប្រជាពលរដ្ឋមិនបានខកខានមិនបានទៅ ទាន់ពេល ជួបប្រទះជាសម្ថតកិច្ចតាមដងផ្លូវ។ជម្រាបថាបញ្ហានេះសមត្ថកិច្ចមានការយោគយល់ខ្ពស់សម្របសម្រួលឲ្យប្រជាពលរដ្ឋរួចហើយ ដោយករណីពួកគាត់ រថយន្តរបស់គាត់មិនបានពាក់ផ្លាកលេខនៅពេលធ្វើចរាចរណ៍លើដងផ្លូវ ប្រសិនបើបានចុះបញ្ជី បញ្ជូនឯកសារតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។ បង្ហាញសមត្ថកិច្ចតាមដងផ្លូវសមត្ថកិច្ចរបស់យើងមិនផាកវិន័យទេៗ។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានគាំទ្រចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគដែលនេះជាជម្រើសដ៏ល្អបំផុត ក្នុងចំណោមវិធានការជាអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិបាលបានកំណត់យក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងធ្វើឱ្យប្រជាពលរដ្ឋពិការភាព បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ជារៀងរាល់ថ្ងៃ ។
សំឡេង៖«អ្វីដែលជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជារឿងល្អក្នុងការអនុវត្តច្បាប់ប្រព្រឹត្តទៅយ៉ាងពេញលេញ ស្របតាមគោលបំណងនៃការអនុក្រឹតនិង ច្បាប់ចរាចរណ៍ផ្លូវគោករបស់យើង។តាំងពីដើមឆ្នាំ ២០២០ មក ដែលមានការប្រជុំបូកសរុបស្ដីពី ច្បាប់ចរាចរណ៍នេះ ។ឆ្នាំ ២០២០ ជាឆ្នាំដើម្បីចាត់វិធានការរួមគ្នាដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់អ្នកពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។ចឹងឆ្លើយតបវិធានការដែលបានដាក់ឡើងនេះក៏បំណងរបស់អនុក្រឹត្យ ៣៩ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បិងកែប្រែឥរិយាបថរបស់បងប្អូនប្រជាពលរដ្ឋងាកមកគោរពច្បាប់»។
សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មកដល់ពេលនេះឃើញថា កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានរកឃើញបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣៩៦៨ ករណី ក្នុងនោះមានទោចក្រយានយន្តនិងត្រីចក្រយានយន្តចំនួន ១០៨១៥ករណី ស្មើនឹង ៧៧ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន ៣១៥៣ករណី ស្មើនឹង ២៣ភាគរយ៕