ម្ចាស់ទីលានដោនថោន បញ្ជាក់ថា អាចទប់ទល់ថ្លៃចំណាយបាន៦ខែ ដោយសារការ​បិទទ្វារ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល កីឡាដ្ឋានបាល់ទាត់ធំ និងកីឡដ្ឋានបាល់ទាត់ក្នុងសាលឯកជននានាត្រូវបិទអាជីវកម្ម​របស់​ខ្លួន ក្នុងនោះទីលានបាល់ទាត់ ដោនថោនស្ព័ត ដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ក៏រង់ផលប៉ះពាល់យ៉ាងខ្លាំងដូចគ្នាផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក ហ៊ុល សុភ័ក្រ ម្ចាស់ទីលានដោនដោនស្ព័តបានអះអាងថា ដោយសារជំងឺនេះបានរងផលប៉ះពាល់តាំង​ពី​ខែកុម្ភៈ ឆ្នាំ២០២០មកម្លេះ ដោយធ្លាក់ចុះជាបន្តបន្ទាប់នូវចំនួនអតិថិជន ហើយនៅខែ​មេសា ឆ្នាំ២០២០ ទីលាននេះបានបិទទ្វារទាំងស្រុង។ លោកបានបន្ដថា ទីលានបាល់ទាត់ ដោនថោន មានទីលានធំចំនួន១០ និងទីលានតូចសម្រាប់កីឡាបាល់ទាត់ក្នុងសាល​មាន​ចំនួន៦ សរុប១៦ ដែលថ្លៃជួលដី និងបុគ្គលិក ត្រូវចំណាយជិត១ម៉ឺនដុល្លារអាម៉េរិក ក្នុង១​ខែៗ។ ដូច្នេះហើយប្រសិនបើស្ថានភាពជំងឺនេះនៅតែបន្ត ហើយអាជីវកម្មរបស់​លោកនឹង​ត្រូវប្រឈមនឹងហានិភ័យខ្ពស់ ដោយលោកអាចចំណាយលុយសម្រាប់ការទប់ទល់​ថ្លៃជួល​ដី និងបុគ្គលិកបានប្រហែល៥ទៅ៦ខែទៀតប៉ុណ្ណោះ។

“ទោះបីជានៅកម្ពុជាស្ថានភាពជំងឺមានភាពល្អប្រសើរបន្តិចម្តងៗក្តី ប៉ុន្តែយើង​ទាំង​អស់គ្នាមិនអាច​មើលស្រាលវាបានឡើយ ដោយយើងត្រូវបន្តការចូលរួមជាមួយរាជរដ្ឋាភិ​បាលទាំងអស់គ្នា។ ប្រសិនបើស្ថានភាពវិបត្តិជំងឺនេះបានល្អប្រសើរឡើងវិញ ហើយក្រសួង​សុខាភិបាលប្រកាសឱ្យមានការជួបជុំ ការប្រមូលផ្តុំឡើងវិញ ខ្ញុំនឹងរៀបចំកម្មវិធីពិសេសៗ ដូចជាការរៀបចំប្រកួតដណ្តើមបានរង្វាន់នានា ដើម្បីទាក់ទាញអតិថិជន ឬក្លឹបបាល់ទាត់​នានាចូលរួមប្រកួតប្រជែង និងដើម្បីសុខភាពរបស់គាត់ឱ្យបានល្អប្រសើរឡើងវិញ​ផង​ដែរ។” នេះជាការលើកបន្ថែមរបស់លោក ហ៊ុល សុភ័ក្រ។

លោកបានបន្ថែមថា សម្រាប់ទីលានដោនថោនស្ព័តនេះ​ខកខានការរៀបចំការ​ប្រកួត​ដណ្តើមពានរង្វាន់របស់ខ្លួន ២ឆ្នាំមកហើយ ប៉ុន្តែបើការប្រកួតពានរង្វាន់ផ្សេងៗ ដែល​អតិថិជនបានមកជួលលេង គឺមាន៥-៦ពានរង្វាន់ដែរ ក្នុង១ឆ្នាំៗ។ ការខកខានរៀប​ចំ​ពាន​របស់ទីលានផ្ទាល់ គឺដោយសារតែលោកជាប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ដោនថោន ដែលឈ្នះពានរង្វាន់ថ្នាក់ជាតិ ហើយតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាចេញទៅ​ចូលរួម​ប្រកួត ពានរង្វាន់ក្នុងសាលអាស៊ាន នៅប្រទេសថៃផង និងការប្រកួតដណ្តើមពានរង្វាន់​ផ្សេងៗ នៅក្នុងស្រុកច្រើនដែរ៕ដោយ ហេង ណាលីន