សភាជាតិវៀតណាមផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ — យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម (EVFTA) ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋសភាជាតិនៅថ្ងៃទី ២០ ខែឧសភា ខាងមុខនេះ ដែលជាថ្ងៃទី១ នៃសម័យប្រជុំលើកទី ១៤ របស់រដ្ឋសភានីតិកាលទី ១៤ ។

ក្រសួងនេះក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យរដ្ឋាភិបាល និងការិយាល័យប្រធានាធិបតី ដើម្បីបំពេញរបាយការណ៍ របស់លោកប្រធានាធិបតី នឹងរៀបចំខ្លឹមសារពាក់ព័ន្ធសម្រាប់ឯកសារផ្តល់សច្ចា     ប័នដែលត្រូវដាក់ជូនអង្គនីតិបញ្ញត្តិ។

លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា ក្រសួងបានបញ្ចប់ឯកសារផ្តល់សច្ចាប័នកាលពីដើមឆ្នាំនេះ ហើយបានបញ្ជូនទៅរដ្ឋាភិបាលដើម្បីពិចារណារួចរាល់​ហើយ។

ក្រសួងនេះក៏បានធ្វើការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការត្រួតពិនិត្យផ្នែកច្បាប់របស់រដ្ឋាភិបាលក្នុងការបម្រើដល់ការអនុវត្តកិច្ចព្រមព្រៀង EVFTA នេះផងដែរ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែមេសា របស់គណៈកម្មាធិការទំនាក់ទំនងក្រៅប្រទេសរបស់រដ្ឋសភាជាតិ ស្តីពីការផ្តល់​សច្ចាប័នដល់កិច្ចព្រមព្រៀង EVFTA រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានរាយការណ៍ដោយផ្ទាល់ ព្រមទាំងឆ្លើយសំណួរទៅ​កាន់អ្នកតំណាងរាស្ត្រទាំងអស់។

កិច្ចព្រមព្រៀង EVFTA ចាំបាច់ត្រូវផ្តល់សច្ចាប័នពីសភាអឺរ៉ុប (EP) និងអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុប (EC) ដើម្បីឱ្យមានប្រសិទ្ធភាព។

EP បានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី១២ ខែកុម្ភៈ ដោយទទួលបានសំឡេងគាំទ្រចំនួន ៤០១សំឡេង  សំឡេងប្រឆាំងចំនួន ១៩២ សំឡេង និងអនុប្បវាទចំនួន ៤០សំឡេង។

បន្ទាប់មក នៅថ្ងៃទី ៣០ ខែមីនា សហគមន៍អឺរ៉ុបបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដោយបញ្ចប់នីតិវិធីច្បាប់ចុងក្រោយនៅក្នុង​ដំណើរការផ្តល់សច្ចាប័នផ្ទៃក្នុងរបស់សហភាពអឺរ៉ុប។

កិច្ចព្រមព្រៀងនេះរង់ចាំតែការផ្តល់សច្ចាប័នរបស់រដ្ឋសភាវៀតណាមប៉ុណ្ណោះ ដើម្បីចូលជាធរមានទាំងសហភាពអឺរ៉ុប និង វៀតណាម៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)