និយោជិតប្រមាណ ៦៧០.០០០នាក់នៅក្នុងប្រទេសវៀតណាម បាត់បង់ការងារក្នុងរយៈពេល ៤ខែដំបូងនេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ — យោងតាមនាយកដ្ឋានការងារនៃក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានឱ្យ​ដឹងថា និយោជិតចំនួនប្រមាណ ៦៧០.០០០នាក់នៅក្នុងប្រទេសវៀតណាមបានបាត់បង់ការងាររបស់​ខ្លួនក្នុង រយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២០ នេះ ដោយសារវិបត្ដិជំងឺកូវីដ-១៩ ។

ទិន្នន័យពីទីភ្នាក់ងារបានបង្ហាញថា កាលពីចុងខែមេសា ប្រមាណ ៥៥ភាគរយ នៃនិយោជិតដែលធ្វើការនៅក្នុងវិស័យផលិតកម្ម និងក្រុមហ៊ុនអាជីវកម្ម និង៤៦ភាគរយ នៃនិយោជិតនៅក្នុងសហគ្រាស និង សាជីវកម្មបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះ។

ជាពិសេស នៅក្នុងខែមេសា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតជាមួយនឹងនិយោជិត ៧៦ភាគរយដែលបានរងផលប៉ះពាល់ ​គឺកើនឡើង ២០ភាគរយបើធៀបទៅនឹងខែមុន។ រហូតដល់ ៧៦ភាគរយនៃ           សហគ្រាសត្រូវបានបញ្ឈប់ នឹងផ្អាកកិច្ចសន្យាការងារជាមួយ​កម្មករនិយោជិត មានការបញ្ឈប់និយោជិត ឬអនុញ្ញាតឱ្យពួកគេធ្វើការដោយផ្លាស់វេនគ្នា។

កម្មករនិយោជិតប្រមាណ ៨០.០០០នាក់បន្ថែមទៀត ត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់ការងាររបស់ពួកគេនៅក្នុងខែឧសភា ដែលបង្កើនចំនួនអ្នកគ្មានការងារធ្វើក្នុងរយៈពេល ៥ខែដំបូងនេះ មានចំនួនដល់ទៅ ៧៥០.០០០នាក់។

អនុបាតសហគ្រាសដែលរងផលប៉ះពាល់ដោយរោគរាតត្បាតត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចន្លោះពី ៧៥ភាគរយ ទៅ ៨០ភាគរយនៅក្នុងត្រីមាសទី ២ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្តកើតមាន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)