ក្រសួង​សុខាភិបាល​ ប្រកាស​ថា មានអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយម្នាក់ទៀតហើយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១២ ០៥ ២០២០៖

ក្រសួងសុខាភិបាលបានឲ្យដឹងថា មានអ្នកជម្ងឺកូវរីដ-១៩បានជាសះស្បើយម្នាក់ទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ចំនួន ១២១ នាក់ ខណៈដែលកំពុងសម្រាកព្យាបាលនៅសល់តែម្នាក់ប៉ុណ្ណោះ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជម្ងឺកូវីដ-១៩ ដែលបានជាសះស្បើយម្នាក់ទៀតនៅថ្ងៃទី ១២ ខែឧសភានេះ គឺជាបុរសអាយុ៧៥ ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីរូបលោកត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីថ្ងៃទី៨ ខែឧសភា។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បើអ្នកជាសះស្បើយទំាងអស់គឺបានកើនដល់ចំនួន ១២១ នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន១២២នាក់នៅទូទំាងប្រទេស។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំនិងបង្កើនការប្រុងប្រយ័ត្នឲ្យបានទ្វេដងជាប់ជាប្រចាំដោយ ត្រូវពាក់ម៉ាសការពារ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ លាងដៃជាមួយទឹកអាល់កុល និងចិលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ រក្សាចម្ងាយមួយម៉ែត្រកន្លះពីគ្នានៅទីប្រជុំជន ដើម្បីចៀសវាងការចម្លងជម្ងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍។
សំឡេង« យើងត្រឡប់មកធម្មតាមែនក៏ប៉ុន្តែ យើងត្រូវតែប្រកាន់យកនូវវិធានការនៃការការពារខ្លួនរបស់យើងឲ្យបានជាប់ជាប្រចាំ ហើយមិនលំបាកទេគឺមានតែ៣តែដែលយើងត្រូវចងចាំ ទី១គឺអនាម័យដៃស្អាត ខ្ញុំមិនបាច់រំលឹកទៀតទេបងប្អូនទាំងអស់លោកបានជ្រូតជ្រាបហើយត្រូវលាងយ៉ាងបែបមិចហ្នឹង ។ ទី២ទៀតការប្រើប្រាស់ម៉ាស់នៅពេលចាំបាច់រឺក៏មានកន្សែងមានក្រមា ក្រដាសជូនមាត់នៅពេលយើងក្អករឺកណ្តាស់ ជាពិសេសទៀតនៅពេលយើងធ្វើដំណើរ ពីព្រោះនៅពេលធ្វើដំណើរយើងមិនដឹងថា តើមានហេតុការអីខ្លះវាមានមេរោគអ្វីខ្លះនិងចម្លងមកយើងបានដូច្នេះយើងចាំបាច់ត្រូវតែប្រើប្រាស់ម៉ាស់។ចំណុចទី៣ដែលសំខាន់មែនទែននោះគឺការអនុវត្តន៍នូវគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល »។
លោកជំទាវបញ្ជាក់ថា ទោះបីកម្ពុជាបានព្យាបាលអ្នកជម្ងឺកូវីដ-១៩បានច្រើននាក់ក៏ដោយ ប៉ុន្តែ ពុំមានន័យថាជម្ងឺនេះបានធូរស្រាលពីកម្ពុជាឡើយដូច្នេះត្រូវតែបង្កើនការថែរក្សាសុខភាពនិងអនាម័យ ទើបឈ្នះជម្ងឺកូវីដ១៩មិនឲ្យមកបៀតបៀនរាងកាយយើង។
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជម្ងឺកូវីដ១៩សរុប ចំនួន ១២២នាក់ ហើយក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២១ នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕