នាយកដ្ឋានកីឡាថ្មី២ទៀត ត្រៀមនឹងបង្កើតចំណុះឲ្យអគ្គនាយកដ្ឋានកីឡា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

ក្រសួងអប់រំ យុវជន និង កីឡា នឹងបង្កើតនាយកដ្ឋានកីឡាចំនួន២បន្ថែមទៀត ចំណុះឲ្យអគ្គនាយកដ្ឋានកីឡា លើនាយកដ្ឋានចំនួន៤ ដែលកំពុងតែមានស្រាប់ ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា ក្នុងពេលដឹកនាំអង្គប្រជុំការងារប្រចាំខែកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០  ជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤ ឯកឧត្តមបានបង្ហើបឲ្យដឹងថា នាយកដ្ឋានចំនួន២ទៀតដែលគ្រោងនឹងបង្កើតនោះ គឺនាយកដ្ឋានរៀបចំការប្រកួត និង នាយកដ្ឋានគ្រប់គ្រងទិន្នន័យព័ត៌មាន ។

   សូមបញ្ជាក់ថា សព្វថ្ងៃនេះនាយកដ្ឋានទាំង៤ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានោះមាននាយកដ្ឋានអប់រំកាយ និង កីឡា នាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង វិទ្យាស្ថានជាតិអប៉រំកាយ និង កីឡា ។

  នាយកដ្ឋានអប់រំកាយ និង កីឡា ទទួលបន្ទុកគ្រប់គ្រងសហព័ន្ធជាតិ នាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតទទួលបន្ទុកលើការប្រកួតកីឡាចាប់ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ។មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទទួលបន្ទុកគ្រប់គ្រងកីឡាជម្រើសជាតិ និងកីឡាថ្នាល(ដែលក្នុងនោះមានទាំងការបំប៉ន និង ការហ្វឹកហាត់ )។ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាដែលកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាសាកលវិទ្យាល័យកីឡានោះ ទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូអប់រំកាយ និង កីឡា ។ ពេលនេះវិទ្យាស្ថាននេះកំពុងតែដំណើរការសាកល្បងគ្រូអប់រំកាយ និង កីឡាកម្រិតបរិញ្ញាប័ត្រ ។

  បញ្ហាកូវីដ ១៩ ដែលនៅមិនទាន់ស្ងប់នោះ ឯកឧត្តមរដ្ឋលេខាធិការសំណូមពរឲ្យនាយកដ្ឋានទាំ៤ត្រូវបន្តរក្សាអនាម័យគ្រប់ពេលវេលា ។ទន្ទឹមនោះ នាយកដ្ឋានកីឡាទាំង៤ត្រូវរក្សាអនាម័យគ្រប់ទីកន្លែងតាមនាយកដ្ឋានកីឡានីមួយៗមិនថា រដូវកាលមេរោគកូរ៉ូណា គឺគ្រប់ពេលវេលាទំាងអស់។នាពេលខាងមុខនេះក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតនាយកដ្ឋានកីឡា២ទៀត គឺនាយកដ្ឋានកីឡារៀបចំការប្រកួត និងនាយកដ្ឋានកីឡាគ្រប់គ្រងទិន្នន័យព័ត៌មានដើម្បីជំរុញគ្រប់គ្រងការប្រកួត និងព័ត៌មានត្រៀមការព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត៕