ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១២០គ្រួសារ ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុុជា៖ញ៉ឹប បូរី ប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១២០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការផ្តល់អំណោយស្បៀងនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន។ នៅក្នុងឱកាសនោះផងដែរឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ជាពិសេសត្រូវបានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយត្រូវរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ។
សូមបញ្ជាក់ថា៖ អំណោយស្បៀងដែលចែកជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១២០គ្រួសារ នៅភូមិអូរដីស្អិត និងភូមិដីស ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រូសារៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រហុក ១ក្រឡ៕