ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរបានស្តេចយាងត្រឡប់មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃនេះ ក្រោយគង់ប្រថាប់នៅប៉េកាំងជាងមួយខែ

វិទ្យុជាតិកម្ពុជា ៖ រូបដោយលោក អ៊ូកាណែល

MC៖  នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចករកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បានស្តេចយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គបានគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិនអស់រយៈពេលជាងមួយខែកន្លងមក។

ស្តេចយាងនិងអញ្ជើញទៅទទួលព្រះរាជដំណើរយាងមកដល់របស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅពេលនោះមាន៖        សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ  កម្ពុជា និងព្រះញាតិវង្សានុវង្ស មន្ត្រីព្រះបរមរាជវាំង ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិជាច្រើនអង្គ/នាក់ផងដែរ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។ក្នុងកំឡុងពេលគង់ប្រថាប់នៅក្នុងព្រះរាជដំណាក់នារដ្ឋធានីប៉េកាំង ប្រទេសចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងព្រះវររាជមាតាជាតិខ្មែរ ទទួលបានការយកចិត្តទុកដាក់លើព្រះរាជសុខភាពយ៉ាងខ្ពស់បំផុតពីក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំចិត្ត។

ព្រះអង្គក៏បានសព្វព្រះទ័យអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំចិន ចូលបង្គំគាល់ទូលសួរពីព្រះរាជសុខភាព ក៏ដូចជាសវនាការលើការងារមួយចំនួនផងដែរ៕