សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣០គ្រួសារ ​នៅស្រុកអង្គរជុំ

AKP សៀមរាប ថ្ងៃទី​​​១១ ខែ​ឧសភា ឆ្នាំ២០២០

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០គ្រួសារ នៅក្នុងស្រុកអង្គរជុំ  ក្នុងនោះពលរដ្ឋ ចំនួន២៩ គ្រួសារមកពីឃុំដូនពេង និង១គ្រួសារមកពីឃុំគោល។

អំណោយដែលគេបានចែកជួននាពេលនោះ សម្រាប់គ្រួសាររលំផ្ទះ ក្នុងមួយ គ្រួសារ ទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។ រីឯគ្រួសាររបើកដំបូលផ្ទះ ក្នុងមួយគ្រួសារទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិ ការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។  ចំណែករូបលោក ផ្ទាល់ ក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិដែលនេះ ជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូន បងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាច ជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម កម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើក ឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា ម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខភិបាល ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវ របៀបលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ដើម្បីបង្ការជំងឺកូវីដ១៩ និង “វិធីកាត់បន្ថយហា និភ័យពីការឆ្លងជំងឺកូវីដ១៩” ដែលក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចែកជូនបងប្អូននាពេលនេះ៕ដោយ៖ ហង្ស សៀក