ប្រជាពលរដ្ឋ បង្ហាញការគាំទ្រយន្តការផាកពិន័យរបស់កម្លាំងសមត្ថកិច្ចលើការអនុវត្តន៍អនុក្រឹត្យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

វិទ្យុជាតិកម្ពុជា៖ ស្រីផល 11,05,2020៖

ប្រជាពលរដ្ឋ បង្ហាញការគាំទ្រយន្តការផាកពិន័យរបស់កម្លាំងសមត្ថកិច្ច លើការអនុវត្តន៍អនុក្រឹត្យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីរួមគ្នាបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅកម្ពុជាជារៀងរាល់ថ្ងៃ ។
លោក សេង សុខា ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ការបង្កើតការអនុវត្តអនុក្រឹត្យចរាចរណ៍ផ្លូវគោកថ្មីនេះ ពិតជាមានសារៈសំខាន់សំរាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីឲ្យគាត់បានយល់ដឹងពីច្បាប់ចរាចរណ៍ ព្រមទាំងអាចការពារអាយុជីវីតរបស់ពួកគាត់ និងកាត់បន្ថយការគ្រោះថ្នាក់នៅតាមដងផ្លូវជាដើម។ ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូប លោកសប្បាយចិត្តនៅពេលដែលឃើញរាជរដ្ឋាភិបាល បានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះឡើង ដើម្បីអោយប្រជាពលរដ្ឋអនុវត្តទាំងអស់គ្នា។
លោកបានបន្ដថា ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងសមត្ថកិច្ចនេះ គឺជាការក្រើនរំលឹកអោយអ្នកប្រើប្រាស់ផ្លូវទំាងអស់ បើកបរដោយប្រុងយ័ត្ន គោរពទៅតាមច្បាប់ ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដៃទៃ។
“ខ្ញុំយល់ឃើញថាការអនុវត្តច្បាប់ចរាចរថ្មីនេះ វាមានអត្ថប្រយោជន៏ជាច្រើនដល់ប្រជាពលរដ្ឋ ដែលបានយល់ដឹងពីច្បាប់ចរាចរណ៍ នៃការធ្វើដំណើរតាមដងផ្លូវ ដូចជាការជិះម៉ូតូដោយពាក់មួកសុវត្ថិភាព ការបើកបរដោយមិនលើសល្បឿនកំណត់ និងការប្រើប្រាស់ទូរស័ព្ទដៃនៅពេលកំពុងបើកបរ និងជាពិសេសទៅទៀតនោះ ប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីភ្លើងសញ្ញាចរាចរណ៍ ហើយនេះក៏ជាការស្រលាញ់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយបានចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងនេះ“។
ស្រដៀងគ្នានេះដែរ កញ្ញា មុន្នីនាទ ប្រជាពលរដ្ឋ រស់នៅខណ្ឌ ច្បារអំពៅ ក៏បានបង្ហាញការ គាំទ្រចំពោះការបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកនេះ ព្រោះដើម្បីពង្រឹងឥរិយាបថប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់ ឲ្យមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលអាចកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួស។
សូមបញ្ជាក់ថា ការរឹតបណ្ដឹតច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងសមត្ថកិច្ចនេះ ក្រោយមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋភាគច្រើន មានការព្រួយបារម្ភពីអត្រាគ្រោះ ថ្នាក់ចរាចរណ៍នៅកម្ពុជា បណ្តាលអោយមនុស្សស្លាប់ និងរងរបួសមានការកើនឡើងខ្ពស់ ៕