ក្រសួងវប្បធម៌ណែនាំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការផ្សាយគ្រប់រូបភាព ឬខ្លឹមសារ មានលក្ខណៈអាសអាភាស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាងភក្តី

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយគ្រប់រូបភាព សារជាអក្សរ សំឡេង និងវីដេអូ ដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានព្រមានថា ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ នឹងត្រូវចាត់វិធានការដោយអនុលោមតាមក្រមសីលធម៌នៃអ្នកសិល្បៈ និងប្រកាសអន្តរក្រសួងស្តីពីការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ឬដាក់បណ្ដឹងទៅតុលាការដោយអនុលោមទៅតាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អាស្រ័យទៅតាមស្ថានបទល្មើសដែលអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមបានប្រព្រឹត្ត។
យោងតាមសេចក្តីណែនាំស្តីពីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬ ការចែកចាយខ្លឹមសារព័ត៌មាន សារជាអក្សរ សំឡេង រូបភាព វីដេអូ និង ទម្រង់ផ្សេងៗ ដែលបណ្តាលឱ្យមានផលប៉ះពាល់ចំពោះវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នឹងសហការជាមួយក្រសួងមហាផ្ទៃ ឬ ក្រសួងព័ត៌មាន ឬ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមណានៅបន្តប្រព្រឹត្តសកម្មភាពប្រាសចាកក្រមសីលធម៌បង្ក ឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។
សេចក្តីណែនាំស្តីពីពីវិធានការទប់ស្កាត់ ធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ តែងតែសង្កេតឃើញមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ពិសេស អាជីវករតាមប្រព័ន្ធអនឡាញ (Online) អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបាន ផ្សព្វផ្សាយរូបភាព សារជាអក្សរ ឬសំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ៕